(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអង្គភាពក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចេញញត្តិប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡា វ-និងវៀតណាម ដែលហៅកាត់ថា CLV-DTA ដែលជាកិច្ចសហប្រតិបត្តិការផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
មន្ទីរអង្គភាពទាំង៥នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានចេញសេចក្តីប្រកាសគាំទ្រនូវគម្រោងអភិវឌ្ឍន៍ខាងលើនេះមាន៖ មន្ទីរព័ត៌មាន, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអង្គភាពទាំង៥ខាងលើនេះ បានប្រកាសគាំទ្រនូវគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលហៅកាត់ថា CVL-DTA ដោយសារតែពួកគាត់បានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍គម្រោងមួយនេះ គឺទទួល បាននូវសេដ្ឋកិច្ច សង្គម និងសន្តិសុខការពារជាតិ ក្នុងនោះដែរក៏បង្កើតបាននូវតំបន់ទេសចរណ៍នានា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងការកែប្រែជីវភាពគ្រួសារឲ្យមានភាពសម្បូរសប្បាយទាំងបច្ចុប្បន្ន និងតទៅអនាគត។
ពិសេសជាងនេះទៅទៀតនោះ ទាំងថ្នាក់ដឹក នាំនិងមន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង មានការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល ក្នុងការរៀបចំកម្រោងនៃការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយរាជរដ្ឋាភិបាលបានគ្រោងទុក និងគិតគូរយ៉ាងច្បាស់លាស់អស់រយៈពេលជាង២០ឆ្នាំមកហើយ មុននឹងសម្រេចធ្វើការអភិវឌ្ឍទៅលើគម្រោងមួយនេះឡើង។
ហេតុនេះក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការបម្រើការនៅក្នុងមន្ទីរ អង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងព្រះសង្ឃ សូមប្តេជ្ញាយ៉ាងមុតមាំ និងសូមប្រកាសគាំទ្រនៅគម្រោង នៃការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម យ៉ាងពេញទំហឹងដោយមិនងាករេឡើយ និងសូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសង្គមជាតិ និងត្រៀមសហការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ សុខសន្តិភាពស្ថេរភាពរបស់មាតុភូមិកម្ពុជា ដែលកំពុងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នាបច្ចុប្បន្ននេះផងដែរ៕