(តាកែវ)៖ អាជ្ញាធខេត្តរួមនិងមន្រ្តីសូរិយោដីខេត្តតាកែវ កំពុងតែប្រឹងប្រែង និងពន្លឿនការចុះវាស់វែងដីធ្លី និងបានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឲ្យបានលឿនបំផុតស្របទៅនិងគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី បានថ្លែងឲ្យដឹងថា តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តតាកែវ និងមន្ទីរជំនាញរបស់លោក បានខិតខំពន្លឿនចុះវាស់វែងប្រមូល ទិន្នន័យក្បាលដីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុកទាំង១០ និងពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រង់ដីធ្លី។
លោក នួន សុធា បានថ្លែងបន្តថា កាលពីម្សិលមិញ អាជ្ញាធខេត្ត និងមន្រ្តីជំនាញសូរិយោដី បានចុះចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឃុំកំពង់ងំពិល ស្រុកបូរីជលសារ បានចំនួន៥៤៥ប័ណ្ណ ក្នុងនោះអំណោយពីរដ្ឋមាន ២១៧ប័ណ្ណ និង ប័ណ្ណមានប្រភពពីអំណោយសន្តតិកម្ម ៣២៨ប័ណ្ណ នៅភូមិកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែវ។
ថ្លែងនៅក្នុងឱកាសចុះចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្ន មានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រង់វិស័យដីធ្លី ពិសេសបានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការ ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ដើម្បីពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីប័ណ្ណកម្មសិទ្ធដីធ្លីនេះ។
ក្នុងឱកាសនោះលោក អភិបាលរងខេត្តតាកែវ បានផ្ដាំផ្ញើបងប្ងូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្នឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕