(តាកែវ)៖ នៅក្នុងឱកាសប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួន៣៤៧វត្តទូទាំងខេត្តតាកែវ នៅព្រឹកទី២៣ ខែសីហា ឆ្នាំ២០២៤, អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានស្នើសុំព្រះសង្ឃឱ្យជួយពន្យល់ប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV -DTA) កុំឱ្យមានការភាន់ច្រឡំថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់ទឹកដីដូចការញុះញង់ និងលាភពណ៌របស់ក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេស។
លោកអភិបាលខេត្តតាកែវ បានបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម បានធ្វើឡើងអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ទើបតែពេលថ្មីៗនេះ ក្រុមប្រឆាំងនៅក្រៅប្រទេស បានវាយប្រហារមកលើរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងព្រែកជីកហ្វូណនតេជោ ដែលការវាយប្រហារនេះមិនទទួលបានជោគជ័យនោះទេ ទើបពួកគេក៏បានងាកមកវាយប្រហារលើរឿងតំបន់អភិវឌ្ឍន៍៤ខេត្ត ដោយចោទប្រកាន់ថា «រាជរដ្ឋាភិបាល បានកាត់ដីឱ្យប្រទេសជិតខាង»។
លោកថា តែតាមការពិតគម្រោងនេះបានជួយអភិវឌ្ឍន៍ខេត្តទាំង៤ បានយ៉ាងច្រើន និងបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានជីវភាពល្អប្រសើរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានស្ថាបនាឡើងយ៉ាងច្រើនរួមទាំងនៅតំបន់ព្រំដែនផងដែរ។
លោក វ៉ី សំណាង បានលើកឡើងថា ការចោទប្រកាន់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមេដឹកនាំផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនំា និងមន្រ្តីជំនាញជាច្រើននាក់ ចេញមកបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយអស់ហើយ ក៏ប៉ុន្តែក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនតូច នៅតែបន្តធ្វើការញុះញង់ និងអូសទាញបងប្អូន នៅក្នុងប្រទេសឱ្យក្រោកឈរធ្វើបាតុកម្មទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមប្រទេសមួយចំនួន ដូច្នោះសូមព្រះសង្ឃនៅទូទាំងខេត្តតាកែវ នៅពេលដែលមានកម្មវិធីបែបសាសនាអ្វីមួយ សូមជួយទេសនាពន្យល់ឱ្យប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ច្បាស់ពីគម្រោងអភិវឌ្ឍន៍នេះ ឱ្យពួកគាត់បានយល់ច្បាស់ថា គម្រោងនេះរាជរដ្ឋាភិបាល មិនបានធ្វើឱ្យបាត់បង់ទឹកដីនោះទេ តែផ្ទុយទៅវិញបានជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍តំបន់នោះឱ្យកាន់តែរីកចម្រើនថែមទៀត។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងដាប់អាវុធ និងព្រះសង្ឃនៅក្នុងខេត្តតាកែវទាំងអស់ ដែលមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមិនបានធ្វើសកម្មភាពតាមការញុះញង់ របស់ក្រុមប្រឆាំងនៅក្រៅប្រទេសនោះទេ៕