(ភ្នំពេញ)៖ ពលករខ្មែរចំនួន ២៦ នាក់ ត្រូវបានកំលាំងជំនាញ សហការជាមួយក្រុមតម្រួតថៃ ធ្វើការឃាត់ខ្លួនខណៈដែលពួកគេទាំងអស់គ្នា កំពុងរៀបចំឈើក្រញូង ដែលគេបានចូលទៅកាប់ ក្នុងតំបន់ហាមឃាត់ ដើម្បីត្រៀមលើកដាក់រថយន្ត នៅក្បែរនឹងតំបន់ហាមឃាត់នោះ ក៏ត្រូវបានយោធាថៃឃាត់ខ្លួន។
យោងតាមរបាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា នៅរសៀលកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមតម្រួតថៃ រួមទាំងកំលាំងយោធា ដោយមានការសហការជាមួយនឹងកំលាំងជំនាញ ដែលគ្រប់គ្រងក្នុងតំបន់ព្រៃឈើ នៃឧទ្យានជាតិ ប៉ាងស៊ីដា បានធ្វើការឡោមព័ទ្ធទៅលើភូមិមួយ ដែលស្ថិតនៅក្បែរនឹងតំបន់ឧទ្យានជាតិនេះគឺភូមិ១០ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីបានទទួលនូវព័ត៌មានថាមានការដឹកជញ្ជូនឈើក្រញូង យកមកលាក់ទុកនៅក្នុងភូមិសាស្ត្រខាងលើនេះ។
របាយការណ៍បានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺកំលាំងបាន ធ្វើការឃាត់ខ្លួនជនជាតិខ្មែរសរុបចំនួន២៦នាក់ ដែលពួកគេកំពុងរៀបចំឈើគ្រញូងចំនួន៨០ដុំ ដើម្បីត្រៀមលើកឡើងលើរថយន្ត។
រាល់បញ្ហានេះគឺពួកគេបានសារភាពថា ការដែលពួកគេចូលទៅកាប់ឈើក្នុងតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា នេះដោយសារតែមានថៅកែធំ ជាអ្នកជួលអោយពួកគេមក។
បច្ចុប្បន្នក្រោយពីកំលាំងបានធ្វើការប្រមូលរួចមក ឈើគ្រញូងទាំង៨០ដុំនេះ ត្រូវបានប្រគល់ទៅអោយកំលាំងជំនាញ ដើម្បីយកទៅរក្សាទុកនៅក្នុងឧទ្យានជាតិវិញ ដោយឡែកជនជាតិខ្មែរទាំង២៦នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តស្រះកែវដើម្បីធ្វើការសាកសួរ រកប្រភពមេក្លោងដែល នៅពីក្រោយខ្នង និងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕