(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពី «វេទិកាកំពូលលើកទីមួយ ស្តីពីទីផ្សារមូលធននៅកម្ពុជា» បានប្រារព្ធឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នៅទីក្រុងភ្នំពេញ ដែលរៀបចំដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។
សម្រាប់វេទិកានេះ ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយ សម្រាប់ទីផ្សារមូលធនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលធនកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ទីផ្សារមូលធន។
ព្រឹត្តិការណ៍នេះមានការចូលរួមប្រមាណជា ៥០០នាក់ រួមមានអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ វិនិយោគិនអន្តរជាតិ មកពីតំបន់នានា រួមមានប្រទេសសិង្ហបុរី សាធារណៈ រដ្ឋប្រជាមានិតចិន ហុងកុង និងសហគ្រិនកម្ពុជាលំដាប់កំពូល ប្រមាណជា ៣០០នាក់ ចូលរួមផងដែរ ដោយផ្តោតលើទីផ្សារមូលធនកម្ពុជាតាមទស្សនៈសកល ហើយពិភាក្សារួមគ្នាអំពីការអភិវឌ្ឍន៍ និងអនាគតនៃទីផ្សារមូលធន។
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍ទីផ្សារមូលធន និងវិស័យមូលបត្រ ហើយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល មានគោលបំណងជំរុញយ៉ាងសកម្ម តាមរយៈការធ្វើពិពិធកម្មឧស្សាហកម្ម ដែលអាចឱ្យក្រុមហ៊ុនកាន់តែច្រើនរីកចម្រើន តាមរយៈទីផ្សារមូលធន និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុជាចាំបាច់។ នេះមិនត្រឹមតែរួមចំណែកដល់ការរីកលូតលាស់នៃក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាកំពូលក្នុងវិស័យទីផ្សារមូលធន ប្រកបដោយវិជ្ជាជីវយ៉ាងខ្ពស់ជាទីបំផុត។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ទីផ្សារមូលធនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ក្មុងការអញ្ជើញស្ថាប័នបរទេសល្បីៗលំដាប់អន្តរជាតិជាច្រើន ដើម្បីចែករំលែកពីសារៈសំខាន់នៃការចុះបញ្ជីក្រុមហ៊ុន និងតភ្ជាប់ជាមួយមូលនិធិអន្តរជាតិ ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងសង្ឃឹមថា ព្រះរាជាណាចក្រកម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលទើបនឹងចេញថ្មីនៅអាស៊ីអាគ្នេយ៍»។
លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាធាតុចូល ដល់អង្គសិក្ខាសាលាចំនួន ៣ចំណុចរួមមាន៖
ទី១.លក្ខណៈអំណោយផល និងអត្ថប្រយោជន៍នានា ដូចជាការលើកទឹកចិត្តផ្នែកពន្ធ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ
ទី២.បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាប្រព័ន្ធថ្មីដែលពោរពេញដោយកាលានុវត្តន៍ភាព និងសក្តានុពលនៃការពន្លឿនវិស័យមូលបត្រនៅកម្ពុជា ដែលទាំងវិស័យសាធារណៈ និងវិស័យឯកជនគួរចាប់យក និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព
ទី៣.លោកបានលើកទឹកចិត្ត ទាំងវិស័យសាធារណៈ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តឱ្យជិតស្និទ្ធតាមរយៈការបន្តផ្លាស់ប្តូរ និងចែករំលែកនូវបញ្ហាប្រឈម ដំណោះស្រាយ និងឧត្តមានុវត្តន៍ល្អៗ សម្រាប់ការជំរុញទីផ្សារមូលបត្រកម្ពុជា ក្លាយជាប្រភពមូលធនក្នុងស្រុកដ៏សកម្ម និងរស់រវើក និងអាចស្រូបទាញមូលធនបន្ថែមពីបរទេសផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកជំរុញការកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់វិនិយោគិនទាំងអស់ បន្តស្វែងយល់ពីសក្តានុពលកម្ពុជា ដែលមានប្រជាជនវ័យក្មេងដ៏សកម្ម គោលនយោបាយប្រកបដោយភាពទាក់ទាញ និងអំណោយផលដល់ការវិនិយោគ ស្ថិរភាពសង្គម សេដ្ឋកិច្ចល្អប្រសើរ រួមជាមួយឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់អ្នកវិនិយោគ តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនដែលធ្វើជារៀងរាល់ឆ្នាំ។
ដោយថ្ងៃនេះ ជាថ្ងៃខួប ១ឆ្នាំនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ និងសង្កត់ធ្ងន់ទៅលើពាក្យថា «ភាពជាដៃគូ និងភាពជឿជាក់ទៅលើគ្នាទៅវិញទៅមក» សូមវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស សូមឱ្យមានការជឿជាក់ទៅលើព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខរាជរដ្ឋាភិបាល សូមជឿជាក់មកលើបរិយាកាសអំណោយផល ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអាចបន្តធ្វើអាជីវកម្ម និងភាពរីកចម្រើនអាជីវកម្មរបស់ខ្លួន។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានថ្លែងថា ទីផ្សារមូលធនរបស់កម្ពុជាកំពុងបន្តអភិវឌ្ឍ ដោយមានគោលដៅជួយក្រុមហ៊ុនឯកជននៅកម្ពុជា គៀរគមូលធនឲ្យបានរាប់ពាន់លានដុល្លារអាមេរិក។
លោកបានលើកឡើងផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជាចំនួន ២៣ ក្រុមហ៊ុន ដែលមូលនិធិប្រមូលបាននៅ ផ.ម.ក មានចំនួនលើសពី ៤០០ លានដុល្លារអាមេរិក។ បរិមាណជួញដូរប្រចាំថ្ងៃនៅ ផ.ម.ក បានកើនឡើងជិត ១៤ដង ពី ២០ ០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ ដល់ ៣០០.០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ មានគណនីជួញដូរមូលបត្រថ្មី ចំនួន ១ ០០០ ត្រូវបានបើក ជារៀងរាល់ថ្ងៃ នៅ ផ.ម.ក។
លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យមូលបត្រ ត្រូវយកចិត្តទុកដាក់ ស្វែងយល់ និងចូលរួមជាមួយផ្សារមូលបត្រកម្ពុជា និងផ្សព្វផ្សាយពីទីផ្សារមូលបត្រកម្ពុជា ដើម្បីទាក់ទាញ វិនិយោគបរទេសមកស្វែងយល់ និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានថ្លែងថា «ផ្អែកលើបទពិសោធន៍ការយល់ដឹងអំពីទីផ្សារមូលបត្រ ប្រកបដោយភាពចាស់ទុំរបស់ខ្ញុំ ខ្ញុំបានមើលឃើញពីការផ្លាស់ប្តូរជាច្រើន នៅក្នុងទីផ្សារមូលធន ស្របគ្នាជាមួយនឹងការកែទម្រង់ប្រព័ន្ធពន្ធដារ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយពាក់ព័ន្ធនានា ខ្ញុំអាចព្យាករបានថាក្នុងរយៈពេល ០៣ឆ្នាំ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានរលកនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ លើកដំបូង (IPO) យ៉ាងច្រើន ទាំងនេះនឹងនាំមកនូវភាពរឹងមាំ និងវិបុលភាពថ្មីដល់ទីផ្សារមូលបត្រកម្ពុជា ហើយផ្តល់ឱ្យអ្នកវិនិយោគនូវផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់»។
លោកប្រកាសថា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងបើកដំណើរការមូលនិធិ សម្រាប់ដំណាក់ការ Pre-IPO ក្នុងពេលឆាប់ៗនេះ ដែលនឹងបណ្តាក់ទុននៅក្នុងក្រុមហ៊ុនក្នុងស្រុក ដើម្បីជួយឱ្យក្រុមហ៊ុនទាំងនោះអោយមានភាពរីកចម្រើន។ មូលនិធិទាំងនេះនឹងមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រុមហ៊ុនបង្កើតភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។
អ្នកស្រី ប៊ុត កេរ៉ាឌី នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានធ្វើបទបង្ហាញ ស្តីពី «ទសវត្សរ៍មាសរបស់កម្ពុជា» និងបានគូសបញ្ជាក់ពីទីផ្សារមូលធនកម្ពុជា ត្រៀមខ្លួនឈានចូលទសវត្សរ៍មាស ហើយកម្ពុជាក៏នឹងឈានទៅរកការចុះបញ្ជីសាជីវកម្មផងដែរ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់នៃទីផ្សារមូលធនកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ទទួលបានអាជ្ញាបណ្ណពេញលេញ ដើម្បីជួយក្រុមហ៊ុននានាក្នុងដំណាក់កាលដ៏សំខាន់នេះ ដើម្បីឲ្យមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការចុះបញ្ជីជោគជ័យ និងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារអន្តរជាតិដែលកំពុងរីកចម្រើន។
ក្រុមជំនាញវិជ្ជាជីវៈ និងពោរពេញដោយបទពិសោធន៍របស់ក្រុមហ៊ុន នឹងផ្តល់ការគាំទ្រ និងប្រើប្រាស់បទពិសោធន៍ទីផ្សារសកល ដើម្បីជួយបង្កើតយុទ្ធសាស្ត្រចុះបញ្ជីលក់មូលបត្រល្អបំផុត សម្រាប់ក្រុមហ៊ុនទាំងនោះ។
ក្នុងវេទិកាកំពូលនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់ ជាសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយ ក្រុមហ៊ុន First Securities (Hong Kong) Limited ក្រុមហ៊ុន Singapore Global Trust Pte Ltd. និង Corporate Connections Cambodia ផងដែរ។
ទន្ទឹមនឹងនេះ អ្នកជំនាញមកពីទីផ្សារមូលធនអន្តរជាតិ ដូចជា ក្រុមហ៊ុន China Cinda ដែលជាក្រុម ហ៊ុនគ្រប់គ្រងមូលនិធិដ៍ធំមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទាំង ៤ នៅសាធារណៈរដ្ឋ ប្រជាមានិតចិន ក្រុមហ៊ុន Singapore Trust Pte. Ltd. ក្រុមហ៊ុន First Capital Global Management និង Global Investment Banks មិនត្រឹមតែធ្វើការចែករំលែក ប្រកបដោយជំនាញវិជ្ជាជីវៈ លើទីផ្សារមូលធនប៉ុណ្ណោះទេ ថែមទាំងបានប្រាស្រ័យទាក់ទងជាមួយវិនិយោគិន នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ រួមទាំង ធ្វើការផ្លាស់ប្តូរយោបល់ជាមួយសហគ្រិនកម្ពុជា ក្នុងការចុះបញ្ជីក្រុមហ៊ុន ដោយជួយក្រុមហ៊ុនកាន់តែច្រើនឱ្យយល់កាន់តែច្បាស់ ពីការអភិវឌ្ឍន៍ទីផ្សារមូលធន និងចាប់យកកាលានុវត្តភាពនា ពេលអនាគតផងដែរ។ ការណ៍នេះលើកទឹកចិត្តឱ្យក្រុមហ៊ុននៅកម្ពុជា អាចចាប់យករលកនៃការចុះបញ្ជីលក់នៅទីផ្សារមូលធន ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលអាចជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា និងការរីកលូតលាស់នៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
យោងតាមរបាយការណ៍ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក មានគម្រោងបង្កើតការវាយតម្លៃក្រុមហ៊ុនកំពូលទាំង ១០០នៅកម្ពុជា ហើយនឹងបន្តរៀបចំវេទិកាកំពូលទីផ្សារមូលធនបែបនេះតទៅទៀត ដើម្បីបន្តជំរុញការរួមបញ្ចូលទីផ្សារមូលធនកម្ពុជា ជាមួយទីផ្សារមូលធនអន្តរជាតិ និងផ្តល់ការណែនាំប្រកប ដោយជំនាញវិជ្ជាជីវៈក្នុងការជួយគាំទ្រក្រុមហ៊ុនទាំងនោះ ក្នុងការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូង។
វេទិកាកំពូលលើកទី១ ស្តីពីទីផ្សារមូលធនកម្ពុជារបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានបញ្ចប់ដោយជោគជ័យ៕