(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញលើវិស័យអប់រំ និងសុខភាពសាធារណៈ បានលើកឡើងថា នៅលើលោកនេះ គ្មានអ្វីអស្ចារ្យជាងការផ្ដល់ចំណេះដឹងដល់កូនទេ ហេតុនេះហើយ លោកបានផ្តាំទៅឪពុកម្តាយ ត្រូវផ្តល់ឱកាសដល់កូនទទួលបានការអប់រំកុំបីខាន។
ដូចសុភាសិតខ្មែរថា ចំណេះជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបានមិនមានល្អៀង ប្រើច្រើនកើតច្រើនចម្រើនទៀង ពីបច្ចុប្បន្នរៀងទៅអនាគត ហើយបើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចាត់ទុកថា ការអប់រំ គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យជាទីបំផុត។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមផ្ដាំទៅលោកឪពុកអ្នកម្ដាយ ក៏ដូចជាអាណាព្យាបាលថា ការអប់រំ គឺជាសម្បត្តិទ្រព្យ ដែលយើងផ្ដល់ឲ្យដ៏ល្អអស្ចារ្យដល់កូនៗពោល គឺលើលោកនេះ គ្មានអ្វីអស្ចារ្យជាងការផ្ដល់ចំណេះដឹងដល់កូនទេ។ ដូច្នេះ សូមលោកឪពុកអ្នកម្ដាយមេត្តាលើកទឹកចិត្ត និងជំរុញកូនៗ ឲ្យទៅសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ ហើយបើអាចបន្តការសិក្សាដល់មហាវិទ្យាល័យ»។
ចំពោះការបើកសម្ពោធអគារសិក្សាថ្មីបន្ថែមនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា គឺដោយយោងទៅតាមកំណើនសិស្សានុសិស្ស ដែលចេះតែមានការកើនឡើងជាលំដាប់ ដើម្បីបំពេញដល់សេចក្តីត្រូវការរបស់សិស្សានុសិស្ស នៅក្នុងតំបន់ចោមចៅនេះ។
លោកបានឲ្យដឹងថា សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ អ្វីដែលកាន់តែពិសេស មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមាន មុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា ដូចជា ការ៉ាតេ បាល់បោះ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនដ៏មានប្រជាប្រិយភាពមួយនេះ ក៏មានបន្ថែមនូវមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិត បណ្ណាល័យស្រាវជ្រាវពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ៕
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែទុកការអភិវឌ្ឍវិស័យអប់រំ ជាអាទិភាព។ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលជាដើម៕