(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបានដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចសសរខ្ទម និងបឹងម៉ា ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រតិបត្តិការត្រួតពិនិត្យនេះធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ហើយជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសបាន១ករណី ដោយបានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង ក្នុងនោះរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន៧របាំង ប្រវែង២៨០០ម៉ែត្រ ឡុកចំនួន២១គ្រឿង លប/លូសាច់ចំនួន៣០មាត់ បង្គោលចំនួន១៥០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់១០០គីឡូក្រាមចូលទន្លេវិញ។
ជាមួយគ្នានេះ លោក អ៊ុង វុទ្ធី បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ ព្រោះនេះជារដូវបិទនេសាទ និងចូលរួមសហការជាមួយនឹងកងកម្លាំងមានសមត្ថកិច្ច ដើម្បើប្រយោជន៍រួមទាំងអស់គ្នា៕