(កោះកុង)៖ ជនសង្ស័យ២នាក់ប្តី-ប្រពន្ធ ជាមេក្លោងចែកចាយគ្រឿញៀន យ៉ាងសកម្មក្នុងខេត្តកោះកុង ហើយប្តីជាអតីតមន្រ្តីនគរបាលខេត្តកោះកុង ទើបចូលនិវត្តន៍ ត្រូវកម្លាំងអធិការស្រុកមណ្ឌលសីមា សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រឹបអូសបានថ្នាំមេតាំហ្វេតាមីន៥២០គ្រាប់ និងម៉ាទឹកកកមួយចំនួនធំ។ លោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានឲ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធនេះ ប្ដីឈ្មោះ ស៊ុយ ឡូញ អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ សៅ ថុនា អាយុ៤៦ឆ្នាំ ក្នុងនោះមន្ដ្រីជំនាញបានធ្វើការឆែកឆេរទីតាំង២ផ្សេងគ្នា ក្រោយមកសមត្ថកិច្ចរឹបអូសបាន ថ្នាំញៀនប្រភេទថ្នាំមេតំហ្វេតាមីន(យ៉ាម៉ា) ៥២០គ្រាប់ និងម៉ាទឹកកក៦កញ្ចប់ធំ ព្រមទាំង៨១,៧៥ក្រាម បន្ថែមទៀត។
លោកស្នងការរង បញ្ជាក់ថា មុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ សមត្ថកិច្ចធ្វើការស៊ើបសង្កេត យ៉ាងយកចិត្តទុកដាក់ ដោយមិនការធ្វេសប្រហែសឡើយ ទើបធ្វើការឃាត់ខ្លួននឹងរឹបអូស វត្ថុតាងជាក់ស្តែងនេះ ហើយលោកក៏បានផ្ដាំដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមសហការណ៍ផ្តល់ព័ត៌មាន ព្រោះថាដើម្បីសុវត្ថិភាព ក្នុងមូលដ្ឋាន។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២ ត្រូវបានកម្លាំងជំនាញ នាំខ្លួនទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕