(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានចុះចែកអំណោយ និងប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារអ្នកស្រី ប៊ន ទន អាយុ៧០ឆ្នាំ ដែលមានជីវភាពខ្វខាត រស់នៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់លោកផ្ទាល់។
ការប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារពលរដ្ឋខ្វះខាតនេះ ធ្វើឡើងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ជាមួយគ្នានោះ លោក សាយ គឹមឡម បានចុះសួរសុខទុក្ខនិងចែកអំណោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ព្រមទាំងប្រកាសធ្វើផ្ទះថ្មីមួយខ្នងជូនលោកតា ជា ធន អាយុ៨៣ឆ្នាំ និងភរិយា ដែលស្ទើរតែបាត់បង់លទ្ធភាពពលកម្មទាំងស្រុង។
លោកបានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ានី ដែលលោកតែងតែយកចិត្តទុកដាក់ និងនឹករលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ច ហើយគ្រួសារទាំង៣ខាងលើបានថ្លែងអំណរគុណដល់លោក សាយ គឹមឡម និងលោក ហ៊ុន ម៉ានី ដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខពួកគាត់ ជាពិសេសបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនមកសួរសុខទុក្ខនិងចែកជូនគាត់នៅក្នុងឱកាសនេះ ជាពិសេសបានប្រកាសនឹងធ្វើផ្ទះថ្មីមួយខ្នងជូនគ្រួសារលោកតា ជា ធន ដែលនឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា ផ្ទះដែលបានប្រគល់ជូនគ្រួសារអ្នកស្រី ប៊ន ទន មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ហើយម្ចាស់ផ្ទះក៏ទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយរបស់លោក សាយ គឹមឡម ផ្ទាល់ ហើយផ្ទះដែលប្រកាសធ្វើជូនលោកតា ជា ធន អាយុ៨៣ឆ្នាំនោះ គឺធ្វើអំពីឈើប្រាក់ស័ង្កសី ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រដូចគ្នា ហើយគ្រួសារទាំង៣ផ្សេងទៀតក៏ទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាសរុប៧០ម៉ឺនរៀល៕