(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព នូវប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះវិធានការទប់ស្កាត់ការទន្រ្ទានយកដីរដ្ឋ ដីព្រៃឈើ និងដីតំបន់ការពារធនធានធម្មជាតិតំបន់បឹងទន្លេសាប។
ជាមួយគ្នានេះ អាជ្ញាធរទន្លេសាប អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន មន្រ្តី និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ចូលរួមថែរក្សា និងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាព ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
សូមជម្រាបថា តាមរយៈសេចក្ដីថ្លែងការណ៍ពិសេសនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យមន្ដ្រី និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ នៅតំបន់បឹងទន្លេសាបបន្តទៀត។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បាន និងកំពុងចាត់វិធានការចំពោះការទន្ទ្រានយកដីរដ្ឋ ជាពិសេសនៅតំបន់បឹងទន្លេសាប៕