(ភ្នំពេញ)៖ ការប្រែក្លាយតំបន់ព្រំដែនជាតំបន់ពាណិជ្ជកម្ម គឺគោលនយោបាយដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន តាំងពីពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។ ការប្រែក្លាយតំបន់ព្រំដែនជាតំបន់ពាណិជ្ជកម្មមិនត្រឹមធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព ការប្រាស្រ័យទំនាក់ទំនង បង្កើតការងារ បង្កើតចំណូលជូនពលរដ្ឋប៉ុណ្ណោះទេ តែក៏ជារួមចំណែកដល់កិច្ចការពារទឹកដីកម្ពុជាផងដែរ។
ឈរលើទស្សនៈនយោបាយដ៏វាងវៃនេះ គម្រោងវិនិយោគជាច្រើនត្រូវបានជំរុញទៅតាមតំបន់ព្រំដែន ជាពិសេសតាមព្រំដែនរវាងកម្ពុជា ជាមួយថៃ និងកម្ពុជា ជាមួយឡាវ។ នៅឯខេត្តភាគឦសានប្រទេសកម្ពុជា ខេត្តស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គេក៏សង្កេតឃើញថា គម្រោងវិនិយោគជាច្រើន ត្រូវបានរុញទៅតំបន់ព្រំដែនផងដែរ។
នៅស្រុកស្នួល ខេត្តក្រចេះ តំបន់សេដ្ឋកិច្ចពិសេសមួយស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ត្រូវបានបង្កើតឡើង ហើយរោងចក្រជាច្រើន កំពុងដំណើរការសកម្មភាពផលិតរបស់ខ្លួនផងដែរ។ តំបន់សេដ្ឋកិច្ចនេះ វិនិយោគដោយអ្នកវិនិយោគចិន លើផ្ទៃដីប្រមាណ ៨១៧ហិកតា។ តំបន់សេដ្ឋកិច្ចនេះ មានរោងចក្រជាច្រើនដូចជារោងចក្រផលិតសំបកកង់រថយន្ត និងបន្ទះសូឡាជាដើម។
តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចនេះ បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ ហើយធ្វើឱ្យព្រំដែនស្រុកស្នួល ខេត្តក្រចេះ ដែលធ្លាប់ស្ងប់ស្ងាត់ប្រែក្លាយជាកន្លែងអ៊ូអរ និងមានសកម្មភាពសេដ្ឋកិច្ចយ៉ាងរស់រវើក។
នៅឯខេត្តមណ្ឌលគិរីឯណោះវិញ បើទោះបីតំបន់ព្រំដែនមិនទាន់ច្រកទ្វារព្រំដែនកម្រិតអន្តរជាតិ សកម្មភាពសេដ្ឋកិច្ចមិនទាន់មមាញឹកខ្លាំងយ៉ាងណាក្តី ប៉ុន្តែក៏កំពុងមានសកម្មភាពវិនិយោគផងដែរ។ នៅច្រកទ្វេភាគីឡាប៉ាខេ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទម ស្រុកកែវសីមា គេឃើញមានការវិនិយោគបង្កើតជាសណ្ឋាគារ និងការស៊ីណូជាដើម។
នៅតាមផ្លូវឆ្ពោះទៅច្រកដាក់ដាំ គេក៏ឃើញមានការវិនិយោគ ហើយកំពុងសាងសង់អគារផ្សេងៗជាច្រើនផងដែរ។ ការវិនិយោគទាំងនោះ គឺវិនិយោកដោយជនជាតិចិន។
ដោយឡែកនៅឯខេត្តរតនគិរី ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅកៀកនឹងព្រំដែនផ្ទាល់តែម្តង បើទោះបីតំបន់នេះដាច់ស្រយាលមិនសូវមានសកម្មភាពសេដ្ឋកិច្ច ក៏មានការបោះទុនវិនិយោគពីអ្នកវិនិយោគរបស់ខ្មែរផងដែរ។
លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានបោះទុនវិនិយោគជាសណ្ឋាគារ និងកាស៊ីណូនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាងដាវ ខេត្តរតនគិរីនោះ តាំងពី១០ឆ្នាំមុនមកម្ល៉េះ។
សណ្ឋាគាររបស់លោកអ្នកឧកញ៉ា ទ្រី ភាព ធ្វើនៅកៀកជាមួយព្រំដែនតែម្តង។ ពេលដំណើរការសាងសង់អគារនោះពីដំបូង ក៏មានការរារាំងពីវៀតណាមផងដែរ។ ប៉ុន្តែលោកអ្នកឧកញ៉ា ទ្រី ភាព ក៏ដូចជាអាជ្ញាធរក្រាញននៀលជម្នះការសាងសង់រហូតរួចរាល់ជាស្ថាពរ។
ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចម្ងាយជិត១០០គីឡូម៉ែត្រ ពីក្រុងបានលុង មិនសូវជាមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ ព្រោះថាជាតំបន់ឆ្ងាយពីការប្រមូលផ្តុំរស់នៅរបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា និងខាងវៀតណាម ដូច្នេះការរំពឹងទទួលបានផលចំណេញពីការវិនិយោគនោះ គឺតិចតួចណាស់។
បើទោះបីមិនការរំពឹងទទួលផលចំណេញពីការវិនិយោគនោះយ៉ាងណាក្តី តែលោកអ្នកឧកញ៉ា ទ្រី ភាព បានជម្នះការវិនិយោគនៅតំបន់នោះ ដើម្បីជាការរួមចំណែកក្នុងកិច្ចការពារទឹកដីឱ្យកាន់តែរឹងមាំថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
សណ្ឋាគារលោកអ្នកឧកញ៉ា ទ្រី ភាព នៅកៀកនឹងបន្ទាត់ព្រំដែនក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី
តំបន់សេដ្ឋកិច្ចវិនិយោគដោយចិន នៅក្បែរច្រកទ្វារអន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ
សកម្មភាបសាងសង់របស់អ្នកវិនិយោគ នៅចក្រទ្វេភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី
សកម្មភាពសង់សំណង់ផ្សេងៗជាការវិនិយោគរបស់ចិន តាមផ្លូវឆ្ពោះទៅកាន់ច្រកទ្វេភាគីដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី