(ថៃ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងសំណេះសំណាលជាមួយពលករ ប្រជាពលរដ្ឋកម្ពុជា សិស្ស និស្សិត ព្រះសង្ឃ នៅវត្តថងបុន សង្កាត់បាងផូងផាង ខណ្ឌយ៉ានណាវ៉ា ក្រុងបាងកក ដែលពួកគាត់កំពុងរស់នៅ និងធ្វើការនៅទីនោះ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងគោលបំណងចូលរួមលើកស្ទួយវប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាប និងបង្ហាញពីឆន្ទៈសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយក្នុងការចូលរួម និងបង្ហាញពីទឹកចិត្តគោរពស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមអបអរសាទររីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិផងដែរ។
ការជួបសំណេះសំណាលនេះ លោករដ្ឋមន្រ្តីបានអរគុណដល់សមាគមខេមរនិស្សិត ដោយលោកបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនបាត ដល់សមាគមខេមរនិស្សិតនេះ សម្រាប់ផ្គត់ផ្គង់ដល់សមណនិស្សិតបង់ថ្លៃសិក្សា និងលើកទឹកចិត្តនិស្សិតដែលរៀនពូកែ បាននិទ្ទេសល្អផងដែរ។ ក្រៅពីនេះ លោកបានអរគុណដល់ស្ថានទូតកម្ពុជា សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា, អាជ្ញាធរថៃ ព្រះសង្ឃគណៈកម្មការវត្តនានា នៃប្រទេសថៃ ដែលបានជួយរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយប្រជាពលករខ្មែរ នៅទីនោះផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជម្រាបពីគោលនយោបាយជាតិ ប្រាប់ដល់ពលករខ្មែរផងដែរ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាសជូនប្រជាពលរដ្ឋមានសិទ្ធិរកការងារដែលខ្លួនពេញចិត្ត នៅក្រៅប្រទេស, រាជរដ្ឋាភិបាលមានការគោរពសិទ្ធិ និងផ្ដល់កិត្តិយសជូនពលរដ្ឋ ជាជនបង្គោលប្រចាំគ្រួសារដែលបានតស៊ូរកចំណូលជូនគ្រួសារ, លើកទឹកចិត្តដល់គ្រួសារពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ។
លោករដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានផ្ដាំផ្ញើដល់ប្រជាពលករកម្ពុជាទាំងអស់ ត្រូវគោរពតាមច្បាប់ការងារឱ្យបានត្រឹមត្រូវ ខិតខំសន្សំសំចៃប្រាក់ចំណូល ខិតខំថែរក្សាសុខភាពឱ្យបានល្អ កុំជឿការឃោសនារបស់ជនបោកប្រាស ត្រូវធ្វើការងារឱ្យចប់កិច្ចសន្យា សុំវិលត្រឡប់ទៅស្រុកវិញ។
ពិសេសទៅទៀត លោករដ្ឋមន្រ្តីបានណែនាំឱ្យប្រជាពលករខ្មែរទាំងអស់ ត្រូវត្រឡប់មកចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅកម្ពុជាវិញ ឱ្យបានគ្រប់គ្នា បើមកចុះឈ្មោះនៅឃុំ-សង្កាត់ណា ពេលបោះឆ្នោតត្រូវទៅបោះឆ្នោត នៅកន្លែងនោះដែរ។ ចំពោះប្រជាពលករណាដែលមានចម្ងល់ផ្សេងៗ ត្រូវទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឬអាជ្ញាធរថៃដែលនៅជិតបំផុត។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសថៃ ក្រោមការចាត់ចែងរបស់សមាគមខេមរនិស្សិត សហការណ៍ជាមួយស្ថានទូតកម្ពុជា ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ ដែលមិនអាចធ្វើដំណើរមកប្រទេសកម្ពុជា ចូលរួមក្នុងពិធីបុណ្យនេះបាន ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាដែលចែកឋានទៅ។
លោករដ្ឋមន្រ្តីបានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពលកម្មរវាងកម្ពុជា-ថៃ ដែលមានការផ្ដល់ប័ណ្ណស៊ីជម្ពូ ដើម្បីទទួលបានភាពស្របច្បាប់ជូនពលករខ្មែរ, មានការជួយការពារពលករខ្មែរ ដែលជួបបញ្ហាប្រឈមនានា និងការជួយបន្ថយថ្លៃធ្វើដំណើរចេញចូលផងដែរ៕