(ភ្នំពេញ)៖ កងទ័ពកំពុងឈរជើងការពារទឹកដីនៅព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើទឹកចិត្តដ៏ភក្តីភាពរបស់រាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ជាពិសេសលើកិច្ចការពារទឹកដី។ ឈរលើហេតុផលនេះ កងទ័ពដែលកំពុងការពារទឹកដីនៅព្រំដែនឡាវ ហ៊ានធានាអះអាងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសានប្រទេស ហើយក៏មិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យជាតិនោះឡើយ។
ស្ទឹងត្រែង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤នៅភាគឦសាននៃប្រទេសកម្ពុជា ស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ស្ទឹងត្រែង មានស្រុកចំនួន២ជាប់ព្រំដែនប្រទេសឡាវ គឺស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ។ ស្ទឹងត្រែង មិនមានជាប់ព្រំដែនជាមួយប្រទេសវៀតណាមនោះឡើយ។
បច្ចុប្បន្ននេះ នៅមានតំបន់មួយចំនួនក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មិនទាន់បានកំណត់ច្បាស់លាស់នៃបន្ទាត់ព្រំដែនជាមួយប្រទេសឡាវនៅឡើយនោះទេ។ គេនៅចាំបានថា កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ កងទ័ពឡាវ ក៏បានឆ្លងទន្លេចូលមកទឹកដីកម្ពុជា ក្នុងតំបន់អូរអាឡៃ និងអូរតាង៉ាវផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលនោះ បានប្រឹងប្រែងការពារទឹកដីនៅតំបន់នោះ ដោយប្រើទាំងធម៌ក្តៅ និងធម៌ត្រជាក់។ ធម៌ក្តៅសម្តេចតេជោ បានប្រើកងទ័ពខ្មែរឱ្យចល័តទៅតំបន់នោះ ហើយធម៌ត្រជាក់វិញ សម្តេចតេជោ បានប្រឹងប្រែងចរចាជាមួយថ្នាក់ដឹកនាំឡាវ ដើម្បីឱ្យឡាវឱ្យដកទ័ពចេញទៅវិញដោយសន្តិវិធី។ ក្រោមការចរចារវាងសម្តេចតេជោ និងថ្នាក់ដឹកនាំឡាវនាពេលនោះ កងទ័ពឡាវ ក៏ព្រមចាក់ចេញពីទឹកដីកម្ពុជាក្នុងភូមិសាស្ត្រអូរអាឡៃ និងអូរតាង៉ាវដោយសន្តិវិធីនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ គឺជាកងទ័ពមួយរូប ស្ថិតនៅក្នុងព្រឹត្តិការណ៍នោះ ហើយកាលនោះជាឧត្តមសេនីយ៍ត្រី មេបញ្ជាការវរសេនាធំអន្តរាគមន៍លេខ៤២ យោធភូមិភាគទី១ ក៏ជាអ្នកដែលដឹកនាំកងទ័ពផ្ទាល់យកទ្រូងពាំងការពារទឹកដី ប្រឈមជាមួយកងទ័ពឡាវនាពេលនោះ។
តាមរយៈព្រឹត្តិការណ៍នាឆ្នាំ២០១៧នោះ ក្នុងនាមជាប្រតិបត្តិករជួរមុខលើកិច្ចការពារបូរណភាពទឹកដី លោកឧត្តមសេនីយ៍ មៀច សាមុត បានមើលឃើញយ៉ាងច្បាស់ពីចេតនា និងបេះដូងស្នេហាជាតិទឹកដីពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនទៀត។
«ព្រឹត្តិការណ៍មុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅពេលនោះ បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារបូរណភាពទឹកដី បញ្ហាអភិវឌ្ឍន៍ព្រំដែន។ ជាពិសេសក្នុងទិសអូរអាឡៃ អូរតាង៉ាវ ហើយមកដល់ពេលនេះកងទ័ពបានឈរជើងនៅទីនោះបានយ៉ាងរឹងមាំ»។ លោកឧត្តមសេនីយ៍ទោ មៀច សាមុត គូសបញ្ជាក់។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បន្ថែមថា «សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី យកចិត្តទុកដាក់ខ្ពស់លើបូរណភាពទឹកដី។ ពេលមានសភាពការណ៍កើតឡើងសម្តេចធិបតី តំណាងសម្តេចតេជោ បានចុះទៅផ្ទាល់នៅព្រំដែនអូរអាឡៃ និងអូរតាង៉ាវ»។
ក្រោយពេលកើតហេតុការណ៍នាខែសីហា ឆ្នាំ២០១៧ហើយនោះ ក្រោមការប្រតិបត្តិផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលនោះជាមេបញ្ជាការរងកងទ័ពជើងគោកតំណាងដ៌ខ្ពង់ខ្ពស់សម្តេចតេជោ បានជំរុញដល់ការកសាងមូលដ្ឋានទ័ពយ៉ាងរឹងមាំនៅតំបន់ព្រំដែន។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ក៏បានសាងសង់ផ្លូវក្រវាត់ព្រំដែនចាប់ពីទឹកដីស្រុកសៀមប៉ាង រហូតដល់ដល់ស្រុកបុរីអូរស្វាយសែនជ័យ និងបានសាងសង់ស្ពាន លូ សម្រាប់ឆ្លងទន្លេកុងសម្រាប់សម្រួលការធ្វើដំណើរ ហើយក៏បានផ្តល់ដីសម្បទានសង្គមកិច្ច និងធ្វើផ្ទះជូនដល់កងទ័ព និងនគរបាលការពារព្រំដែនជាង៧០០ខ្នងផ្ទះផងដែរ។
តាមរយៈការរៀបចំទាំងនេះ រឹតតែស្តែងឱ្យឃើញពីយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារទឹកដី។ ផ្តើមចេញពីហេតុផលទាំងនេះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បង្ហាញជំនឿយ៉ាងមុតមាំបំផុតចំពោះភក្តីភាពរបស់សម្តេចតេជោ សម្តេចធិបតី ចំពោះជាតិមាតុភូមិ ដែលគ្មានហេតុផលណាមួយក្នុងការធ្វើឱ្យបាត់បង់ទឹកដីក្រោមកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណដូចការលើកឡើងរបស់ក្រុមប្រឆាំងក្រៅច្បាប់នោះឡើយ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានបង្ហាញជំនឿចិត្តយ៉ាងដូច្នេះ «រាជរដ្ឋាភិបាលរបស់យើង បានបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩មក ទើបតែពេលនេះពួកប្រឆាំងញុះញង់បំផុសចលនា។ រាជរដ្ឋាភិបាលយើងយកចិត្តទុកដាក់មិនឱ្យបាត់បង់ទេទឹកដីនៅទូទាំងប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ទឹកដីអូរអាឡៃ អូរតាង៉ាវ គឺយើងការពារបានទាំងអស់»។
ទន្ទឹមនឹងការបង្ហាញភាពជឿជាក់លើភក្តីភាពរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងទឹកដីហើយនោះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត ព្រមទាំងកងទ័ពនៅទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ បានប្តេជ្ញាការពារព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រសូតចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាការពារបូរណភាពទឹកដីឱ្យបានគង់វង្សជាដាច់ខាត៕