(ភ្នំពេញ)៖ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «ទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ» សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្តីពី៖ «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៃកម្ពុជា នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះវិស័យសំខាន់ៗដែលខ្ញុំសូមជម្រាបជូនបងប្អូន ក្នុងនោះមានវិស័យអចលទ្រព្យនៅក្នុងវេទិការរាជរដ្ឋាភិបាលវិស័យឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ខ្ញុំបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបងប្អូន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន ទី១-ការលើកលែងពន្ធលើចំនេញមូលធនលើអចលនទ្រព្យ, ទី- ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់ តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬ ស្មើ ប្រាំពីរម៉ឺនដុល្លារ ដោយគោលការណ៍លើកទឹកចិត្តនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ហើយតាមការពិគ្រោះយោបល់ជាមួយនិងវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្ត អនុវត្តន៍គោលការណ៍លើកទឹកចិត្តនេះរហូតដល់ដំណាច់ឆ្នាំ២០២៥»។
ជាមួយគ្នានេះ បើតាមប្រសាសន៍របស់សម្ដេចនៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស បានបញ្ជាក់ឱ្យដឹងថា សម្ដេចបានណែនាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិពិនិត្យលើគោលការណ៍លើកទឹកចិត្តផ្សេងទៀត សម្រាប់ វិស័យអចលនទ្រព្យដែលនឹងត្រូវផុតកំណត់ ដើម្បីពិនិត្យលទ្ធភាពបន្តការអនុវត្តន៍ ពិគ្រោះក្នុងករណីចាំបាច់។
ដោយមើលឃើញអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋលើបញ្ហាពន្ធដីធ្លី សម្ដេចធីបតីនាយករដ្ឋមន្រ្តី ក៏បានក៏បានប្រកាសលើកលែងការយកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ដីក្រោម៥ហិកតា ក្នុងមួយកន្លែង។ ដូច្នេះមានន័យថាប្រជាពលរដ្ឋដែលមានដី ក្នុង៥ហិកតាចុះ គឺមិនមានការព្រួយបារម្ភនៅក្នុងការជាប់ពន្ធដីមិនប្រើប្រាស់នោះទេ»។
ក្រៅពីវិធានការលើកទឹកចិត្តលើពន្ធដា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បន្តថា៖ «តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោង អភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក និងស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ជាក់ស្ដែងក្នុងចំណោម៣៧គម្រោង ដែលមានបញ្ហាក្រសួងបានបញ្ចប់និតិវិធីនៅកម្រិតក្រសួងបានចំនួន ៩គម្រោង និងបន្តដោះស្រាយគម្រោងដែលនៅសេសសល់។
ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលមានម្ចាស់បុរី ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានយោគយល់ និងផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីនេះ និងសូមគ្រប់ភាគីទាំងអស់បន្តចូលរួមដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់នៅពេលខាងមុខ»។
សូមជម្រាបថា គិតចាប់ឆ្នាំ២០១៦ ដល់ខែសីហា២០២៤ រដ្ឋទទួលបានបណ្តឹង១.៦ម៉ឺនករណី ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងនោះដោះស្រាយបានចំនួន១.៤ម៉ឺនករណី៕