(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានជំរុញពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្តនានា ដោយសម្តេចបានឯកភាពឱ្យប្រឡងជ្រើសរើស​ចំនួន១ពាន់នាក់បន្ថែមទៀត ​ដើម្បីជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ​នៅទូទាំងប្រទេស ជាពិសេសនៅខេត្តប៉ែកឦសានទាំង៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសស្តីពី«សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា» នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចបានគូសបញ្ជាក់ថា គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបានធ្វើការប្រឡងជ្រើសរើស មន្រ្តីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបានដាក់ពង្រាយនៅតាមគោលដៅចំនួន២៥០ឃុំ នៅក្នុង៨៩ស្រុក និង១៧ខេត្ត ដែលចុះជួប ​ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករបានសរុបជិត១២ម៉ឺនគ្រួសារ ។

សម្តេចមានប្រសាសន៍បន្ថែមថា «ខ្ញុំបានឯកភាពឱ្យប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មឃុំ ចំនួន១ពាន់នាក់បន្ថែមទៀត ដែលផែនការចាស់មានត្រឹមតែ៨០០នាក់ប៉ុណ្ណោះ។ ខ្ញុំបានអនុញ្ញាតឱ្យបន្ថែម២០០នាក់ទៀតឱ្យគ្រប់១ពាន់នាក់ ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្ត ជាពិសេសនៅតាមឃុំទាំងអស់នៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៃខេត្តក្នុងតំបន់ឦសានរបស់យើង»

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលក៏បានរៀបចំដាក់ឱ្យដំណើរការនូវសហគមន៍ទំនើបចំនួន៨ ដែលបានអនុវត្តនៅក្នុងខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកណ្តាល ដើម្បីជួយកសិករអំពីវិធីសាស្រ្តថ្មីនៅក្នុងការបង្កើនផលិតផលដាំដុះ និងការបង្កើនប្រាក់ចំណូល ។

​សូមបញ្ជាក់ថា ​មន្រ្តីកសិកម្មឃុំ-សង្កាត់ ​ដែល​ជ្រើសរើសបានចំនួន ២៥០ រូប ​ត្រូវបានដាក់ពង្រាយនៅខេត្តចំនួន១៧​ ដែលជាខេត្តសំបូរនូវផលិតកម្មស្រូវ​ កាលពីដើមឆ្នាំ២០២៤ បន្ទាប់ពីបានប្រឡងជ្រើសរើសកាលពីចុងឆ្នាំ២០២៣ ដើម្បីជួយដល់កសិករ និងការធ្វើកសិកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕