(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេណទី១០ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ សាលាសង្កាត់ទាំង១៣ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន រួមជាមួយគណៈគ្រប់គ្រងសារៈមន្ទីរជើងឯក បានធ្វើពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃ២៦អង្គ ឧទ្ទិសកុសលដល់អ្នកដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
ក្នុងឱកាសនោះថ្នាក់ដឹកនាំ ក៏បានប្រគេនបច្ច័យ ព្រះសង្ឃទាំង ២៦អង្គ ក្នុង០១អង្គ៤ម៉ឺនរៀល បច្ច័យកសាងប្រគេនវត្តទាំង២៦ ក្នុងមួយវត្ត១០ម៉ឺនរៀល និងទេយ្យវត្ថុជាច្រើនមុខទៀត។ ការធ្វើពិធីបង្សុកូល និងរាប់បាត្រក្នុងឱកាសនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ដែលបានបាត់បង់ជីវិត ក្នុងរបបខ្មែរក្រហម ទាំងនៅក្នុងមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកនេះ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល។
ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ ក្នុងរបបប្រល័យពូជសាសន៍នេះ ខ្លះបានស្លាប់បាត់បង់ជីវិតទាំងគ្រួសារ ហើយមួយចំនួនទៀតពុំបាន ទទួលដំណឹងពីសាច់ញាត្តិខ្លួនថា បានស្លាប់នៅទីណានោះទេ ដូច្នេះថ្ងៃនេះ ក្នុងនាម រដ្ឋបាលខណ្ឌដង្កោទាំងមូល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៥០០នាក់ ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័នអ្នកដែល បានស្លាប់បាត់បង់ជីវិត ទាំងនៅក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក នេះ ក៏ដូចជាអ្នកដែលបានស្លាប់នៅទូទាំងប្រទេស ហើយគណបក្សខណ្ឌ តែងបានធ្វើពិធីបែបនេះ ជារៀងរាល់ឆ្នាំ គឺនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕