(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល។
ការប្រកាសនេះ បានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ពិសេសជាវីដេអូមួយ របស់សម្តេចស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ដែលចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល។
តាមរយៈវីដេអូនេះ សម្តេចបានប្រកាសថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមធានាចំពោះមុខប្រជាពលរដ្ឋ ចំពោះព្រះភក្ត្រ ព្រះថេរានុថេរ ក៏ដូចជាជនរួមជាតិទាំងអស់ថា រាជរដ្ឋាភិបាលសូមធានាថា បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន គឺជាអ្វីដែលជាគោលដៅ និងជាការប្តេជ្ញាចិត្តធំបំផុតរបស់ រាជរដ្ឋាភិបាល»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ជឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយរួមគ្នាជាមួយរដ្ឋាភិបាល នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការឯកភាពជាតិ ក៏ដូចជាជំរុញក្នុងការអភិវឌ្ឍប្រទេសជាតិយើង ដើម្បីឱ្យខ្មែរកាន់តែខ្លាំង ខ្មែរកាន់តែរួមគ្នាដើម្បីកំណត់ជោគវាសនារបស់ខ្មែរ
«គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ គ្មាននរណាការពារផលប្រយោជន៍ខ្មែរជាងខ្មែរទេ ដូច្នេះខ្មែរត្រូវតែរួមគ្នាដើម្បីខ្មែរខ្លាំង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាអនុវត្តបន្តទៀតនូវគោលដៅទាំងអស់នៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ មិនត្រឹមខេត្តទាំង៤នៅតំបន់ត្រីកោណទេ គឺនៅទូទាំងប្រទេស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីបានប្រសើរឡើង ឆ្ពោះទៅរកប្រទេសរីកចម្រើន ប្រទេសអ្នកមាននៅឆ្នាំ២០៥០៕