(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ​ ពិសេសយុវជនបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។

សម្ដេចធិបតីបានបន្តថា កន្លងទៅ សម្ដេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថាចង់ទៅដែរ តែអត់លុយ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកម្សាន្ត ដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅកាន់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យបានទទួលភារកិច្ចនេះ ដើម្បីរៀបចំនិងដាក់ចេញជាព័ត៌មានលម្អិតអំពីការចុះឈ្មោះ និងពេលវេលានអនុវត្តកិច្ចការងារនេះ។

សម្ដេចធិបតីបានជំរុញឱ្យប្រជាពលរដ្ឋ យុវជន និស្សិត ទៅលេងទៅមើលឱ្យស្គាល់ខេត្ត ស្រុក គោលដៅទេសចរណ៍ នៃតំបន់ភូមិភាគឦសាន្តប្រទេសកម្ពុជា ថាតើនៅព្រំដែនមានសភាពយ៉ាងណាខ្លះ តើផ្លូវដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍនោះមានវឌ្ឍនភាពយ៉ាងណា តើប្រជាពលរដ្ឋរស់នៅទីនោះមានជីវភាពល្អប្រសើរយ៉ាងណាខ្លះ តើអាចទេដែលថ្ងៃក្រោយ ប្រជាពលរដ្ឋទាំងនោះនឹងក្លាយជាមិនមែនប្រជាពលរដ្ឋខ្មែរ តើអាចទេដែលកម្ពុជានឹងត្រូវបាត់បង់ខេត្តទាំង៤នៅភាគឦសាននោះ?

សម្ដេចបានបញ្ជាក់ថា «ការដាក់ចេញនូវកម្មវិធីទាំងនេះ គឺដោយសារខ្ញុំបានស្ដាប់មតិពីប្រជាពលរដ្ឋដែលលើកឡើងពីការព្រួយបារម្ភចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA ហើយតាមស្ទង់មតិរបស់សម្ដេចធិបតី ប្រជាពលរដ្ឋភាគច្រើនមិនសូវខ្វល់រឿង DTA ឬមិន DTA ទេ តែពួកគាត់ខ្វល់ខ្វាយខ្លាំងចំពោះរឿងការពារខេត្តទាំង៤នោះកុំឱ្យបាត់បង់ពីអធិបតេយ្យប្រទេសកម្ពុជា ហើយខ្វាយខ្វល់រឿងការថែរក្សាសន្តិភាព និងស្ថិរភាពជូនពួកគាត់ជាប្រជាពលរដ្ឋកម្ពុជា»។

ការជំរុញការអភិវឌ្ឍនៅទីនោះ ក៏ដូចជាការរៀបចំដីសម្បទានសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលមិនទាន់មានដីធ្លីពិតប្រាកដ ដើម្បីបានទៅរស់នៅនៅទីនោះ និងការជួយពួកគាត់កសាងភូមិ ឃុំ ជួយអភិវឌ្ឍជាក់ស្ដែងនៅតាមខេត្តទាំង៤នោះ ពិសេសនៅតំបន់ជាប់ព្រំដែន។ លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយពិតប្រាកដ និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីជំរុញការអភិវឌ្ឍតំបន់នោះ បង្កើនទាំងមនុស្សឱ្យលឿន បង្កើនការអភិវឌ្ឍឱ្យច្រើន បូករួមទាំងការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរអាចធ្វើដំណើរទៅដល់ទីនោះ អាចចូលរួមថែរក្សាការពារទឹកដី។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

បន្ថែមលើដំណើរកម្សាន្តនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគនៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២៥ ហើយសូមរៀបចំឱ្យបានចប់សព្វគ្រប់នៅមុនឆ្នាំ២០២៤។ ការដាក់ចេញគោលនយោបាយនេះ គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ពិសេសវិនិយោគិនក្នុងស្រុកឱ្យទៅអភិវឌ្ឍនៅតំបន់នោះតែម្ដង។

បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី គោលនយោបាយ និងសកម្មភាពទាំងអស់នេះ គឺជាការសរបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវការមិនបាត់បង់ទឹកដី និងអធិបតេយ្យរបស់កម្ពុជា មិនត្រឹមតែខេត្ត៤ទេ គឺនៅទូទាំងប្រទេស ប៉ុន្តែប្រសិនបើនិយាយពីកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន គឺក្នុងក្របខណ្ឌ CLV-DTA នៅក្នុងភមិភាគឦសាន។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍទាំងនេះនឹងបំបាត់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាលថាចង់ឱ្យខេត្តទាំង៤ទៅឱ្យប្រទេសផ្សេង ឬមួយក៏ធ្វើឱ្យបាត់បង់អធិបតេយ្យ៕