(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយបានផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយចំណាយថវិកាជិត ១៤០០លានដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្តន៍នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ កម្មវិធីនេះមានគោលដៅជួយគាំពារ និងទ្រទ្រង់ជាថវិកាទាន់ពេលជួនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួងសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមទីកន្លែង ទីតាំងភូមិសាស្ត្រនៅទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដូចជាគ្រួសារមានប័ណ្ណសមធម៌ ប្រភេទ១ ប្រភេទ២ និងសមាជិកគ្រួសារ ជាមនុស្សចាស់អាយុ៦០ឆ្នាំឡើង មានពិការភាព មានផ្ទុកមេរោគអដស៍ និងកុមារអាយុក្រោម៥ឆ្នាំ ដោយបានផ្តល់ជូនប្រមាណសរុប៧០ម៉ឺនគ្រួសារ ស្មើរនឹង ២,៨លាននាក់ ដោយចំណាយអស់ថវិកាជិត ១៤០០លានដុល្លារ»។
ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការនូវកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូន ចំពោះគ្រួសារក្រីក្រដែលមាប័ណ្ណសមធម៌ និងសមាជិកគ្រួសារ ជាជនងាយរងគ្រោះ និងកុមារក្រោមអាយុ២ឆ្នាំ ជនមានពិការភាព ជនចាស់ជរា អាយ៦០ឆ្នាំឡើង សិស្សានុសិស្សសិក្សាក្នុងគ្រឹះស្ថានចំណេះដឹងទូទៅ គ្រឹះស្ថានសាធារណៈ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គ្រួសារក្រីក្រប្រមាណ ៥៦ម៉ឺនគ្រួសារ បានទទួលការឧបត្ថម្ភសាច់ប្រាក់ ក្នុងទំហំថវិកាប្រមាណ ២០លានដុល្លារ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ន ដែលមានកម្មវិធីជំនួយសង្គមពិសេសចំនួន២ និងផ្តល់កិច្ចអន្តរាគមន៍ផ្សេងៗដល់ក្រុមពលរដ្ឋងាយរងគ្រោះ ដូចខាងក្រោម៖
ទី១៖ កម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងផ្តល់ការគាំពារដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩, រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីឧត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលពេលនោះមានគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួនប្រមាណ ៥៣០,៨៣៨គ្រួសារ ស្មើនឹង ២,១៥៣,១១៤នាក់ប៉ុណ្ណោះ ត្រូវបានកំណត់អត្តសញ្ញាណដើម្បីទទួលប្រាក់ឧបត្ថម្ភ។
ជាវឌ្ឍនភាព ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈរយៈពេល ៤៦ខែ ក្នុងនោះ ដោយក្នុងនោះការអនុវត្តពេញលេញរយៈពេល ៤៣ខែ(ខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តក្នុងយុទ្ធសាស្រ្តចាកចេញពីកម្មវិធី (Exit Strategy) មានរយៈពេល ៣ខែ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ក្នុងនោះ រួមមានកុមារអាយុពី០-៥ឆ្នាំ ចំនួន ៦៤,២០៥នាក់, ជនមានពិការភាព ៥៩,៤៦៤នាក់, មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ៤១១,៥៧៣នាក់ និងគ្រួសារដែលមានជំងឺអេដស៍ ២,០៥១គ្រួសារ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥,៤៣៨,៤៨៦,៤១៩,០០០រៀល ឬស្មើនឹង ១ ៣៥៩,៦២លានដុល្លារអាមេរិក។
និងទី២៖ អន្តរាគមន៍គាំពារសង្គម ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីសម្ពាធអតិផរណា ដែលបណ្តាលមកពីជម្លោះរវាងរុស្សី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស តាមរយៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណា(ថ្លៃទំនិញលើទីផ្សារ) ក្នុងមួយគ្រានៃវិបត្តិ ដោយបានគ្របដណ្ដប់លើគ្រួសារគោលដៅសរុបជាង ៥០ម៉ឺនគ្រួសារ ឬប្រមាណ ១,៨លាននាក់ និងបានចំណាយថវិកាសរុបអស់ចំនួនប្រមាណ ១៧៥,៩៥២,៨៣៦,០០០រៀល ឬ ប្រមាណជាង ៤៤លានដុល្លារ។ កម្មវិធីនេះ បានបញ្ចប់ការអនុវត្តទាំងស្រុងកាលពីពាក់កណ្ដាលឆ្នាំ២០២៣៕