(បាត់ដំបង)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំការងារចុះបញ្ជីដី ជាមួយមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកអភិបាលខេត្តបាត់ដំបង អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្ត កងកម្លាំង និងមន្រ្តីរាជការជាច្រើនរូប។
បន្ទាប់ពីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានយកចិត្តទុកដាក់សហការល្អជាមួយមន្ទីជំនាញ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យមន្រ្តីជំនាញទាំងអស់ត្រូវមានការយកចិត្តទុកដាក់ ពន្លឿនក្នុងការចុះបញ្ជីដីធ្លី និងរៀបចំខេត្តបាត់ដំបង ពិសេសរបស់កិច្ចការរៀបចំដែនដី និងនគរូបនីយកម្មនៅខេត្តបាត់ដំបង គឺមានភាពប្រសព្វរវាងស្ថាបត្យកម្មខ្មែរសម័យបារាំង និងស្ថាបត្យកម្មខ្មែរនាសហសម័យ។
លើសពីនេះលោកបានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុង ការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពិសេសក្នុងការរៀបចំទីក្រុងបាត់ដំបងឱ្យកាន់តែស្រស់បំព្រង និងរៀបចំទីប្រជុំជនឱ្យមានទឹកស្អាត ផ្លូវ ភ្លើង ឱ្យបានដល់គ្រប់ភូមិបន្ថែមទៀត និងគិតគូរលើការរៀបចំភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក សាយ សំអាល់ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែង រួមគ្នាធ្វើកិច្ចការងារ ដោះស្រាយ និងយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ លើវិស័យការងារដីធ្លី លឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ ដល់ទឹកចិត្តប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មិនមែនអង្គភាពសុរិយោដី ធ្វើតែឯងនោះទេ គឺចូលរួមទាំងអស់គ្នា ដើម្បីឱ្យស្របទៅតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវតែយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យបានល្អត្រឹមត្រូវ ឆាប់រហ័ស និងមានទំនុកចិត្ត ពីប្រជាពលរដ្ឋ។
លោកក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ សាមគ្គីឯកភាព និងយកចិត្តទុកដាក់បំពេញការ
ងារនៅក្នុងបន្ទុកខ្លួន ដូចជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងភាពជឿជាក់ បានគ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដែលក្រសួងបាននឹងកំពុងអនុវត្តរួមមាន៖
ទី១៖ ការទ្រទ្រង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំរួម
ទី២៖ ការចុះបញ្ជីដីធ្លី ជាបរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត កាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម
ទី៣៖ កសាងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ពង្រឹងសមត្ថភាព និងលើកទឹកចិត្តមន្ត្រី
ទី៤៖ រៀបចំដែនដីនគរូបនីយកម្មកម្ពុជា ឱក្លាយជាទឹកដីសុវណ្ណភូមិទាំងទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមសាន្ត និងទ្រនំសុភមង្គល៕