(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិគ្រោះ យោបល់លើវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ក្នុងវិស័យសុខាភិបាលនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសខាភិបាលដែលដឹកនាំដោយលោក អ៉ឹង ភីរុន និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។
មានប្រសាសន៍បើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានធ្វើឱ្យសម្រេចក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា។ ក្នុងគោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបានគោលដៅ៩៥ទី២ និងទី៣រួចហើយ។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីបានស្នើឱ្យលោក អ៉ឹង ភីរុន រាយការណ៍ទាក់ទងនឹងការប្រមូលទិន្នន័យអេដស៍ពីវិស័យឯកជន (មន្ទីរពេទ្យនិងគ្លីនិក) និងអត្រាចម្លងពីមាតាទៅទារក ធ្វើយ៉ាងណាឱ្យធ្លាក់ចុះទាបបន្ថែមទៀត។
ដោយទទួលបានការអនុញ្ញាតពីលោកទេសរដ្ឋមន្រ្តី, លោក អ៉ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គណៈកម្មាធិការបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ និងសម្រេចបានសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដើម្បីធ្វើការចុះហត្ថលេខាជាមួយមន្ទីរពេទ្យនិងគ្លីនិកឯកជន។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ចំពោះមូលនិធិសមធម៌ សេវានៅមន្ទីរពេទ្យរដ្ឋមិនមានបញ្ហាទេ។ ឆ្លៀតឱកាសនោះ លោកក៏បានគោរពអញ្ជើញលោកទេសរដ្ឋមន្រ្តីធ្វើបាឋកថាជូននិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានចំនួន ប្រមាណ៧៤០០នាក់ អំពីគោលនយោបាយអេដស៍ផងដែរ។
បន្ទាប់មក អង្គប្រជុំបានជជែកពិភាក្សាអំពី ការផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ ការពង្រីកកន្លែងធ្វើតេស្តនៅកន្លែងដែលមានប្រជាជនគន្លឹះច្រើន ការផ្តល់កញ្ចប់តេស្តនៅតាមមណ្ឌលសុខភាពមួយចំនួន។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានថ្លែង អំណរគុណចំពោះគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបន្ទាប់ពីការរៀបចំមានសកម្មភាពសកម្មច្រើន និងបានរក្សាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការថ្លែងអំណរគុណលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលដែលបានរៀបចំគណៈកម្មាធិការបានល្អផងដែរ។ លោកបានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ចំណែកធំគឺពឹងផ្អែកលើវិស័យសុខាភិបាល។ ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានធ្វើការណែនាំដូចខាងក្រោម ៖
ទី១- អបអរសាទរការរៀបចំអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងសុខាភិបាល និងវិស័យឯកជន(មន្ទីរពេទ្យនិងគ្លីនិក)។ នៅពេលបានទិន្នន័យពីផ្នែកឯកជន យើងអាចមានការកែលម្អតួលេខ ដែលអាចរុញឱ្យយើងខិតទៅជិតគោលដៅ។
ទី២- សូមណែនាំឱ្យពង្រីកកន្លែងធ្វើតេស្ត នៅកន្លែងដែលមានការរស់នៅច្រើនរបស់ប្រជាជនគន្លឹះ (អ្នកប្រើប្រាស់គ្រឿងញៀន អ្នកជាប់ពន្ធនាគារ។ល។)
ទី៣- សូមខិតខំកែលម្អសេវាព្យាបាលនៅតាមទីតាំងផ្សេងថែមទៀត ដូចជាការពង្រីកចំនួនមន្ទីរពេទ្យឱ្យជួយព្យាបាលជំងឺអេដស៍ជាដើម។
ទី៤- សូមខិតខំស្វែងរកប្រភពនៃការឆ្លង (ឧទាហរណ៍នៅខេត្តកំពង់ស្ពឺមានកើនឡើងចំនួននៃការឆ្លង ដោយក្រុមបុរសរួមភេទជាមួយបុរសទៅពីខេត្តកណ្តាលនិងរាជធានីភ្នំពេញ)។ សូមជួយរកកន្លែងដែលជាប្រភពនៃការចម្លង ហើយបបួលពួកគាត់ឱ្យមមកធ្វើតេស្តឱ្យបានច្រើន។
ទី៥- សូមធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
នៅចុងខែកញ្ញា។ ក្នុងនោះ ចំណុចសំខាន់គឺវិស័យឯកជនថាតើបានធ្វើរបាយការណ៍ចូលក្នុងប្រព័ន្ធហើយឬនៅ? និងរបាយការណ៍ពីការឆ្លងពីមាតាទៅទារក ដែលអត្រានៅខ្ពស់នៅឡើយ។
ទី៦) សូមរៀបចំគិតគូរអំពីចីរភាព និងយុទ្ធសាស្រ្តចាកចេញ ដើម្បីត្រៀមនៅពេលដែលលែងទទួលជំនួយពីក្រៅ៕