(ហ្វីលីពីន)៖ ភាគីកម្ពុជាបានចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំសម្រាប់ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ ជាមួយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស និងមានប្រតិភូចូលរួមប្រមាណ៥០នាក់ ក្នុងនោះប្រតិភូកម្ពុជាដឹកនាំដោយលោក ចាន់ វិចិត្រ អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអមដំណេីរដោយលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងសហការីចំនួន៣រូបទៀត។
ប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតជំនាញអាស៊ានលើកទី១៤ ដោយបានដាក់បញ្ជូលវិស័យអាទិភាពចំនួន៦ និងជំនាញសរុបចំនួន៣២ជំនាញ ដូចខាងក្រោម៖
១. វិស័យព័ត៌មានវិទ្យាលើជំនាញចំនួន៦ រួមមាន៖ Cybersecurity, Information Network Cabling, Internet-Of-Things, IT Network Systems Admiration, IT Software Solutions for Business, and Web Technologies។
២. វិស័យកម្មសាល និងវិស្វកម្មលើជំនាញចំនួន១០ជំនាញ៖ Autonomous Mobile Robotics, CNC Maintenance, Collaborative Robot, Electronics, Industrial Automations, Industrial Control, Industry 4.0, Mechanical Engineering CARD, Mechatronics, and Welding។
៣. វិស័យសំណង់ និងបច្ចេកវិទ្យាសាងសង់លើជំនាញចំនួន៦ រួមមាន៖ Cabinetmaking, Carpentry, Electrical Installations, Plumbing and Heating, Refrigeration and Air Conditioning, and Wall and Floor Tiling។
៤. វិស័យសង្គម និងសេវាកម្មឯកជនលើជំនាញចំនួន៦ រួមមាន៖ Bakery, Beauty Therapy, Cooking, Hairdressing, Hotel Reception, and Restaurant Services។
៥. វិស័យដឹកជញ្ជូន និងឡូជីស្ទីកលើជំនាញចំនួន១ជំនាញ គឺ Automobile Technology។
៦. វិស័យសិល្បៈឆ្នៃប្រឌិត និងម៉ូតលើជំនាញចំនួន៣ជំនាញ រួមមាន៖ 3D Digital Game Art, Fashion Technology, and Graphic Design Technology។
កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើចំនួនវិញ្ញាសាចូលរួមប្រកួតពីប្រទេសនីមួយៗ ដោយក្នុងនោះកម្ពុជាបានពិនិត្យលទ្ធភាពគ្រោងចូលរួមប្រកួតលើជំនាញសរុបចំនួន១១ជំនាញ រួមមាន៖ IT Software Solutions for Business, Web Technologies, Graphic Design, Industrial Automation, Welding, Electrical Installations, Wall and Floor Tiling, Bakery, Cooking, Hotel Reception, and Restaurant Services។
ក្រសួងទេសចរណ៍កម្ពុជាទទួលបន្ទុកដឹកនាំលើជំនាញចំនួន៤ជំនាញ៖ ដុតនំ (Bakery), ចុងភៅ (Cooking), សេវាកម្មសណ្ឋាគារ (Hotel Reception), និងសេវាកម្មភោជនីយដ្ឋាន (Restaurant Services)។ កិច្ចប្រជុំក៏បានពិភាក្សា និងឯកភាពលើវិធាន និងនីតិវិធីសម្រាប់ការប្រកួត (Rules and Procedures) ដោយបានពិភាក្សាលម្អិតរួមមាន៖ នីតិវិធីរៀបចំប្រកួត លក្ខខណ្ឌចូលរួម (របស់បេក្ខជនប្រកយត អ្នកជំនាញការ គណៈវិនិច្ឆ័យ អ្នកបកប្រែ អ្នកសង្កេតការណ៍ និងលេខាធិការដ្ឋានរៀបចំ។ល។) និតិវិធីរៀបចំវិញ្ញាសារ ការដាក់ពន្ទុ មេដាយ សុខសុវត្ថិភាពអំឡុងប្រកួត ការៀបចំទីតាំងប្រកួត ទំនាក់ទំនងសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទិន្ន័យពិន្ទុរបស់បេក្ខជនជាដើម។
អង្គប្រជុំក៏បានឯកភាពបឋមលើការតែងតាំងប្រធានគណៈកម្មការមេប្រយោគ (Jury Chairperson) និងប្រធាន អនុប្រធានគណៈកម្មការវិនិច្ឆ័យ (Chief and Deputy Chief Expert) ក្នុងនោះកម្ពុជាទទួលបន្ទុកជាប្រធានគណៈកម្មការមេប្រយោគ (Jury Chairperson) សម្រាប់ជំនាញចុងភៅ និងជំនាញ Graphic Design ព្រមទាំងធ្វើជាអនុប្រធានគណៈវិនិច្ឆ័យចំនួន៣វិញ្ញាសា រួមមាន៖ Web Technologies, Electrical Installation, and Bakery។ ប្រធានគណៈកម្មការមេប្រយោគមានតួនាទីដឹកនាំ និងត្រួតពិនិត្យដំណើរការទូទៅរបស់គណៈកម្មការវិនិច្ឆ័យ ដោះស្រាយបញ្ហានានដែលកើតមានមុនពេល អំឡុងពេល និងក្រោយពេលប្រកួតដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត។ ដោយឡែក អនុប្រធានគណៈកម្មការវិនិច្ឆ័យ មានតួនាទីសំខាន់ដើម្បីគាំទ្រដល់ប្រធានគណៈកម្មការលើការរៀបចំវិញ្ញាសារប្រកួត នីតិវិធីដាក់ពិន្ទុ រៀបចំបញ្ជីសម្ភារៈប្រកួតដើម្បីជូនទៅម្ចាស់ផ្ទះ និងសហការរៀបចំឡូជីស្ទីកសម្រាប់ការប្រកួតលើវិញ្ញាសារដែលបានជ្រើសរើស។
សូមជម្រាបថា ដើម្បីត្រៀមសម្រាប់ការប្រកួតជំនាញថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខ អង្គប្រជុំបានសម្រេចជ្រើសរើសកាលបរិច្ឆេទរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសលើកទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំបច្ចេកទេសនឹងប្រមូលផ្តុំនូវប្រធាន អនុប្រធានគណៈកម្មការមេប្រយោគ និងគណៈកម្មការវិនិច្ឆ័យ ដើម្បីពិភាក្សា និងសម្រេចលើវិញ្ញាសាប្រកួត តាមជំនាញនីមួយៗសម្រាប់បេក្ខជនហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ការប្រកួតចុងក្រោយ។
ដោយឡែក សម្រាប់ក្រសួងទេសចរណ៍ បានចូលរួមប្រកួតប្រជែងចំនួន៤លើក ដោយទទួលបានលទ្ធផលរួមមាន៖ ១-ប្រកួតជំនាញអាស៊ានលើកទីលើកទី៩ ឆ្នាំ២០១២ នៅប្រទេសឥណ្ឌូណេស៊ី ដោយទទួលបានមេដាយឆ្នើមចំនួន១រូប ផ្នែកចុងភៅ ២-ប្រកួតជំនាញអាស៊ានលើកទីលើកទី១០ ឆ្នាំ២០១៤ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយឆ្នើមចំនួន២រូប ក្នុងនោះផ្នែកចុងភៅចំនួន១រូប និងសេវាកម្មភោជនីយដ្ឋានចំនួន១រូប ៣-ប្រកួតជំនាញអាស៊ានលើកទីលើកទី១១ ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានមេដាយឆ្នើមចំនួន២រូប ផ្នែកសេវាកម្មភោជនីយដ្ឋាន និង៤-ប្រកួតជំនាញអាស៊ានលើកទី១២ ឆ្នាំ២០១៨ នៅប្រទេសថៃ ដោយទទួលបានមេដាយឆ្នើមចំនួន១រូបផ្នែកចុងភៅ និងបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា៕