(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រះស្រែ ដឹកនាំដោយលោក ដាវ អានសាន ជាប្រធាន, តំណាងគណបក្សក្រុងឧដុង្គម៉ែជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ បានអញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាទើបបញ្ជូលថ្មីចំនួន៨រូប (អតីតបេក្ខជនឈរឈ្មោះបោះឆ្នោតសង្កាត់​ ឆ្នាំ២០២២ និងជាសកម្មជនមកពីគណបក្សក្រៅរដ្ឋាភិបាល) នៅមន្ទីរបក្សសង្កាត់ព្រះស្រែ។

ក្នុងឱកាសនេះ ប្រធានក្រុមការងារ បានជម្រាបជូនសមាជិក សមាជិកា គណបក្ស ដែលទើបបញ្ជូលថ្មីពីសាវតានៃការបង្កើតគណបក្សប្រជាជនកម្ពុជា, សមិទ្ធផលក្នុងការតស៊ូដើម្បីឧត្តមប្រយោជន៍ជាតិ, ការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងបានណែនាំឱ្យចេះបែងចែក វិភាគ ពិចារណា និងស្វែងយល់ពីប្រភពព័ត៌មានដែលត្រឹមត្រូវ ចៀសវៀងព័ត៌មានក្លែងក្លាយ ហើយយកទៅចែកចាយ ផ្សព្វផ្សាយបន្ត តួយ៉ាង ករណី កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។

ប្រធានក្រុមការងារក៏បាន លើកទឹកចិត្តឱ្យសមាជិក សមាជិកា ថ្មី ចូលរួមបញ្ចេញមតិ គាំទ្រការពារគណបក្ស និងពន្យល់អូសទាញអ្នកដែលមិនទាន់យល់ ឱ្យបានយល់ និងចូលរួមជាមួយបក្សប្រជាជនកម្ពុជា និងរក្សាគោលជំហរឱ្យបានរឹងមាំក្នុងគ្រួសារគណបក្យតែមួយ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមការងារបានប្រគល់ជូនសម្ភារដល់សមាជិក សមាជិកា គណបក្សដែលទើបបញ្ចូលថ្មីទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ៕