(រតនគិរី)៖ មន្រ្តីអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះថា គ្មានហេតុការណ៍កម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសចុះទៅឡោមព័ទ្ធ ចាប់ឈើនៅផ្ទះ លោកឧត្តមសេនីយ៍ត្រី ហេង រតនា ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកការងារព្រំដែននោះទេ។
ការបញ្ជាក់របស់មន្រ្តីអាវុធហត្ថខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ និងព័ត៌មានបានផ្សាយថា នៅវេលាម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ផ្ទះស្នងការរងនគរបាលខេត្ត លោក ហេង រតនា ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស មួយក្រុមចុះទៅឡោមព័ទ្ធដើម្បីចាប់ឈើ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ហេង រតនា បានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ Fresh News ថា «លំនៅដ្ឋានរបស់ខ្ញុំពុំមានហេតុការណ៍នេះកើតឡើងទេ»។ លោកបានបញ្ជាក់ថា «ព័ត៌មានផ្សព្វផ្សាយទាំងនេះ មិនពិតទេ ហើយធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ខ្ញុំហើយខ្ញុំសូមច្រានចោលព័ត៌មានទាំងនេះ»។ ស្នងការរងរូបនេះ បានបន្តថា សម្រាប់លោកជាមន្រ្តីនគរបាលម្នាក់ បានខិតខំចូលរួមយ៉ាងខ្លាំង លើការបង្ក្រាបបទល្មើសឈើខុសច្បាប់ នាពេលកន្លងមក មិនមែនទៅរកស៊ីនោះទេ៕