(ភ្នំពេញ)៖ ព្រោះតែចិត្តស្រឡាញ់វប្បធម៌ខ្មែរ និងចង់បណ្ដុះស្មារតីកុមារកម្ពុជាឱ្យចូលរួមបន្តថែរក្សាការពារ និងបង្ហាញអំពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរទៅកាន់ពិភពលោក បានជំរុញឱ្យក្រុមអ្នកស្រាវជ្រាវ វិចិត្រករ ក៏ដូចជាក្រុមនិស្សិតមកពីប្រទេសជប៉ុនមួយក្រុមធំ ខិតខំបន្តរៀបចំសិក្ខាសាលាស្ដីពីសិល្បៈគំនូរជាលើកទី៥ ជូនដល់សិស្សបឋមសិក្សា និងនិស្សិតកម្ពុជាប្រមាណជាង៧០នាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
សិក្ខាសាលាស្ដីពីសិល្បៈគំនូរលើកទី៥នេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា (Tadamori Fujisawa) អ្នកស្រាវជ្រាវជនជាតិជប៉ុនមកពីសាកលវិទ្យាល័យនារីស្សូវ៉ា (Showa Women's University) សហការជាមួយលោកស្រី ឡុច ល័ក្ខស្មី ប្រធានដេប៉ាទីម៉ង់ភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដោយមានការឧបត្ថម្ភពី៖ មូលនិធិ UFJ Bank របស់ជប៉ុន ថវិកាតាំងពិព័រណ៍ជប៉ុននៅទីក្រុងអូសាកាសម្រាប់ឆ្នាំ២០២៥ ថវិការបស់កម្មវិធីអប់រំនិងសិល្បៈសតវត្សទី២១។
លោកស្រី ឡុច ល័ក្ខស្មី បានឱ្យដឹងថា ចំពោះនិស្សិត និងសិស្សានុសិស្សដែលចូលរួមក្នុងសិក្ខាសាលានេះ មាននិស្សិតមកពីវិទ្យាស្ថានភាសាបរទេស (ដេប៉ាទីម៉ង់ភាសាជប៉ុន) ចំនួន៤៥នាក់ បណ្ដាសិស្សមកពីសាលាបឋមសិក្សាសំបួរ ខេត្តកំពង់ស្ពឺ ចំនួន៣០នាក់។ ក្រៅពីនេះមានការចូលរួមក្នុងនាមជាគ្រូជំនួយមកពីសាកលវិទ្យាល័យនារីស្សូវ៉ា នៃប្រទេសជប៉ុន ចំនួន៦នាក់ ពិសេសគឺគ្រូជនជាតិជប៉ុនមកពីសាលាវិចិត្រសិល្បៈយ៉ាម៉ាដា (Yamada Art School) ចំនួន១០នាក់ផងដែរ។
លោកស្រី ឡុច ល័ក្ខស្មី បានបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលាស្ដីពីសិល្បៈគំនូរនេះ ដូចជាការរំឭកឡើងវិញនូវសិល្បៈខ្មែរ ខណៈដែលប្រទេសកម្ពុជាមានវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភណ្ឌរុងរឿងពីអតីតកាល ពិសេសដូចយើងឃើញប្រាសាទអង្គរវត្ត ដែលត្រូវបានបន្សល់មកដល់ពេលសព្វថ្ងៃ។ ដូច្នេះហើយទើបក្រុមអ្នកស្រាវជ្រាវនិងវិចិត្រករមកពីជប៉ុនបង្កើតសិក្ខាសាលា និងការរៀនគូរគំនូរនេះឡើង ដើម្បីផ្ដល់នូវការអប់រំដល់កុមារ និស្សិតកាន់តែមានស្មារតីស្រឡាញ់វប្បធម៌ បេតិកភណ្ឌ និងសិល្បៈដែលបន្សល់ពីដូនតារបស់ខ្លួន ក៏ដូចជាការចូលរួមថែរក្សា និងបន្តបង្ហាញទៅកាន់ពិភពលោក។
លោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា បានឱ្យដឹងដែរថា ការរៀបចំសិក្ខាសាលបែបនេះ ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨មក ប៉ុន្តែដោយសារមានវិបត្តិជំងឺកូវីដ១៩ ក៏ត្រូវបានផ្អាក់មួយរយៈ សរុបទៅមកដល់ពេលនេះ គឺបានប្រារព្ធឡើង៥ដងហើយ។
អ្នកស្រាវជ្រាវរូបនេះបានបង្ហាញក្ដីរំពឹងថា តាមរយៈសិក្ខាសាលានេះ និស្សិតនិងសិស្សានុសិស្សនឹងបានយល់ពីសារសំខាន់និងតម្លៃរបស់សិល្បៈខ្មែរ ដើម្បីកសាងស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិទៅថ្ងៃអនាគត ឬក៏អាចក្លាយជាអ្នកស្នងការងារផ្នែកសិល្បៈ គំនូរ ឬក៏ការងារផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដើម្បីបង្ហាញអ្វីដែលជាសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។
លោកថ្លែងថា «តាមរយៈការបង្ហាញរបស់ពួកគេ នឹងធ្វើឱ្យអន្តរជាតិបានស្គាល់ពីវប្បធម៌ សិល្បៈខ្មែរ ទោះបីអ្នកនៅទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ទីក្រុងតូក្យូ ទីក្រុងសៀងហៃ ក៏អាចមើលដឹងនិងស្គាល់ថាជាសិល្បៈខ្មែរ ហើយក៏នឹងវាយតម្លៃពីភាពអស្ចារ្យរបស់ជាតិខ្មែរដែរ»។
លោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា បានបន្តទៀតថា ក្រៅពីការរៀបចំសិក្ខាសាលាបណ្ដុះស្មារតីសិល្បៈដល់និស្សិត-សិស្សានុសិស្សកម្ពុជានេះ លោកក៏មានកិច្ចការស្រាវជ្រាវពីការអភិវឌ្ឍទីក្រុងភ្នំពេញ ថើតើគួរបញ្ចូលសិល្បៈរបស់ខ្មែរទៅក្នុងសំណង់អគារយ៉ាងដូចម្ដេច ដើម្បីបង្ហាញថា ទោះបីមានការអភិវឌ្ឍនៅសម័យទំនើប ប៉ុន្តែក៏នៅតែមានការបង្កប់នូវសិល្បៈបុរាណខ្មែរដ៏ល្អថ្លៃថ្លា ឬក៏បង្ហាញនូវអត្តសញ្ញាណជាតិខ្មែរក្នុងសំណង់អគារនានាដែរ៕