(ភ្នំពេញ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើបឋកថាស្តីពី «តើកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ច បានល្អកម្រិតណាដែរ?» ដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលប្រមាណជាង ៤០០នាក់។
ក្នុងឱកាសនោះលោកបណ្ឌិត ធន់ វឌ្ឍនា បានធ្វើការណែនាំដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវខិតខំសិក្សារៀនសូត្រទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យទៅថ្ងៃអនាគត។
លោកបណ្ឌិតបានបន្ដថា «ដើម្បីឱ្យជីវិតប្អូនៗទទួលបានជោគជ័យប្អូនៗ ត្រូវចេះជំនាញរឹង និងជំនាញទន់។ ជំនាញរឹង ប្អូនៗត្រូវសិក្សារៀនសូត្រជានិច្ច ដើម្បីអភិវឌ្ឍចំណេះជំនាញរបស់យើង ឱ្យដើរទាន់សម័យបច្ចេកវិទ្យាពិភពលោក។ ប៉ុន្តែបើប្អូនៗចេះតែជំនាញរឹង មិនចេះជំនាញទន់ ប្អូនក៏មិនអាចជោគជ័យបានដែរ ព្រោះថាជំនាញទន់នេះ នាំឱ្យប្អូនជោគជ័យ ៨០% - ៨៥% ដែលជំនាញទន់នេះសំដៅទៅលើការចេះបង្កើតទំនាក់ទំនងល្អ នៅក្នុងសង្គមទាំងនៅសាលារៀន ឬកន្លែងធ្វើការ និងនៅខាងក្រៅ»។
មន្ដ្រីជំនាញរូបនេះបានគូសបញ្ជាក់ទៀតថា សិស្សនិស្សិត គឺជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ពិសេសដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះដើម្បីសម្រេចបានតាមគោលដៅខាងលើនេះ យើងត្រូវធានាឱ្យបានសន្តិភាព និងស្ថេរភាព។ លោកបន្ដថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដើរតួនាទីសំខាន់ណាស់ ក្នុងការផលិតធនធានមនុស្ស ទៅលើវិស័យសុខាភិបាល ជួយព្យាបាល ការពារ ទប់ស្កាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺដែលអាចការពារបាន។
ជាងនេះទៅទៀតលោកបណ្ឌិតបានជំរុញដល់និស្សិតទាំងអស់ ត្រូវពង្រឹងភាសាអង់គ្លេស ព្រោះភាសាអង់គ្លេសជាភាសាមួយដ៏សំខាន់ក្នុងការទំនាក់ទំនងជាមួយអន្តរជាតិទាំងការទួត និងពាណិជ្ជកម្ម ដើម្បីឱ្យវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភានៃកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើបឋកថាដ៏មានសារៈសំខាន់ ជូនដល់និស្សិតនាពេលនេះ សម្រាប់យកទៅអនុវត្តនៅក្នុងការសិក្សា ក៏ដូចជាចេញធ្វើការនិងប្រកបការងារឱ្យទទួលបានជោគជ័យទាំងខ្លួនឯង ក្រុមគ្រួសារ និងជូនប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕