(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) ដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អនុម័តគម្រោងវិនិយោគសរុប៣៩១គម្រោង ក្រោមទុនវិនិយោគ៧ ៥៧០លានដុល្លារ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារខុនដូ KY iCenter និងបើកការដ្ឋានសាងសង់អគារ Picasso II នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សម្រាប់រយៈពេល១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) ដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុម័តគម្រោងវិនិយោគ ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន៣៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧ ៥៧០ លានដុល្លារអាម៉េរិក»។
បើតាមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល, គម្រោងវិនិយោគទាំង៣៩១នេះ អាចបង្កើតការងារ បានចំនួនប្រមាណ៣សែន ៤ម៉ឺនកន្លែង បើធៀបនឹងរយៈពេល១២ខែ ចុងក្រោយ អាណត្តិទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគ មានការកើនឡើង១៦៨ គម្រោង ស្មើនឹងប្រមាណ៧៥%, ទុនវិនិយោគកើនឡើងជាង ៤ ៦៧២ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្នុងគម្រោងទាំងនេះ ការវិនិយោគពីប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ១ រួមចំណែករហូតដល់ប្រមាណ៦១%, ការវិនិយោគក្នុងស្រុកប្រមាណ ៣២% រីឯការវិនិយោគមកពីបណ្តាប្រទេស១៧ផ្សេងទៀត បានប្រមាណ៧%ប៉ុណ្ណោះ។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា តួលេខនៃការកើនឡើង នៃគម្រោងវិនិយោគនេះ បង្ហាញឲ្យឃើញពីការជឿទុកចិត្ត របស់វិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖
(១)៖ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
(២)៖ លក្ខខណ្ឌល្អប្រសើរ នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
និង (៣)៖ ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគកម្ពុជា។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏សូមថ្លែងអំណរគុណដល់សមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ចាប់តាំងពីការបង្កើតដំបូងនៅឆ្នាំ២០១៨។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងថា ជាការកត់សម្គាល់ សមាជិកសមាគមសុទ្ធសឹងតែជាវិនិយោគិន ដែលមានសក្តានុពលលើវិស័យសំខាន់ៗ រួមមាន៖ វិស័យអចលនទ្រព្យ វាយនភណ្ឌ ទេសចរណ៍ និងអប់រំ ជាដើម។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល សង្ឃឹមយ៉ាងមុតមាំថា សមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេស ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា៖
កសិកម្ម និងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថល និងបៃតង ជាដើម៕