(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅសាធារណរដ្ឋកូរ៉ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ដោយឡែកសម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួលលិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រូសរាន់អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ការផ្អាកសេវាផ្តល់លិខិតឆ្លងដែនធម្មតានេះ ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេង។
ក្រោយមានការណែនាំពីសម្តេចនាយករដ្ឋមន្រ្តី, ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចាប់ផ្តើមបើកដំណើរការនូវសេវាដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនធម្មតាច្បាប់ថ្មីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ដោយចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ការផ្តល់សេវានេះ មិនមែនជាការធ្វើអចិន្ត្រៃយ៍នោះឡើយ។ ដំបូងឡើយគ្រោងធ្វើត្រឹមរយៈពេល៤ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយពេលការផ្តល់សេវា៤ខែរួចទៅ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀតមិនទាន់បានធ្វើនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាពលរដ្ឋខ្មែរនៅកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក៏បានសម្រេចពន្យារពេលផ្តល់សេវានេះរយៈពេល៣ខែបន្ថែមទៀត។
ក្រោយការណែនាំស្ថានទូត ក៏បានពន្យារពេលផ្តល់សេវា៣ខែទៀត ដោយចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕