(ភ្នំពេញ)៖ រយៈពេលមួយឆ្នាំមកនេះ ការកាច់ចង្កូតនាវានៃប្រទេសកម្ពុជា ក្រោមកម្លាំងយុវជនបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លងកាត់ «ព្យុះភ្លៀង» ជាច្រើនក្នុងនោះរួមមាន ការបង្កើតនូវលេសនានារបស់ក្រុមប្រឆាំង ដើម្បីរារាំងការអភិវឌ្ឍប្រទេសដើម្បីឈានដល់ការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមបែបចលនាបដិវត្តន៍ពណ៌។
អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងនៅថ្ងៃទី២២សីហាថា «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក» ។
ថ្ងៃទី២២ សីហា ឆ្នាំ២០២៣, ថ្នាក់ដឹកនាំ ជារៀមច្បងជំនាន់មុនដែលមានវ័យចំណាស់ រវាងពី ៧០ ដល់៩០ឆ្នាំ បានប្រគល់ភារកិច្ចការដឹកនាំប្រទេសកម្ពុជា ដល់ក្រុមយុវជនជំនាន់ក្រោយ ដើម្បីការបន្តវេនដឹកនាំនាវាកម្ពុជា ក្នុងការរំពឹងថា នាវារបស់កម្ពុជានេះ នឹងស្ថិតក្រោមការកាច់ចង្កូតដ៏ប៉ិនប្រសប់របស់ កាពីតែនថ្មី ជាពិសេសក្នុងស្ថានការណ៍ដែលពិភពលោកកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចផង, ការប្រជែងដណ្តើមឥទ្ធិពលអំណាចភូមិសាស្ត្រនយោបាយក្នុងតំបន់ និងក៏កំពុងតែកើតមានសង្គ្រាមធំ២ថែមទៀត គឺសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលបារម្ភខ្លាចក្រែងការរាលដាលចូលក្នុងតំបន់មជ្ឈិបូព៌ាថែមទៀត។
រាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ ធ្លាប់បានសារភាពថា បើគ្មានក្រុមរៀមច្បងជំនាន់មុន បានត្រួសត្រាយផ្លូវដឹកនាំប្រទេសជាតិដោយការធ្វើពលិកម្មជាបន្តបន្ទាប់មកនោះទេ ម្ល៉េះនាវាកម្ពុជាដ៏កំសត់ ប្រហែលជារង នឹងខ្យល់ព្យុះលិចលង់ នាកណ្តាលសមុទ្រតាំងពីយូរមកម្ល៉េះផងមិនដឹង។
ក្រុមរៀមច្បង នៃថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើការតស៊ូជួយកម្ពុជានេះ ក្រោយការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់អតីតសម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ ដោយក្រុមក្បត់ លន់ នល់, ចេង ហេង និង សីរី មតៈ ដែលបានផ្លាស់ប្តូររបបដឹកនាំរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ រវាងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ក្រោយមកទៀតរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ ដែលក្បត់ នឹងឆន្ទៈដឹកនាំរបស់ប្រជាជន បានធ្វើការកាប់សម្លាប់អ្នកតស៊ូ និងបាននាំប្រទេស ឱ្យធ្លាក់ចូលក្នុងអំពើកាប់សម្លាប់រង្គាល។ មនុស្សជាងបីលាន បានបាត់បង់ជីវិតក្នុងសម័យអតីតកាលនោះ។ បណ្តារៀមច្បងនាពេលនោះ បានបោះបង់ចោលភាពសប្បាយយុវវ័យរបស់ខ្លួន ដោយត្រូវរត់ចូលព្រៃម្តងទៀត ដើម្បីការកសាងកម្លាំងរំដោះជាតិ មាតុភូមិកម្ពុជា។
ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩, ប្រវត្តិសាស្ត្រថ្មី បានរបើកឡើងដោយក្រុមរៀមច្បង ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំនាវាកម្ពុជា ធ្វើដំណើរឆ្លងកាត់ «មហាព្យុះភ្លៀង» ដែលពេលនោះកម្ពុជា បានរងនឹងការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិថែមទៀត។
ក្រោមការកាច់ចង្កូតដ៏ប៉ិនប្រសប់របស់រៀមច្បង សង្គ្រាម២៨ឆ្នាំមានចាប់តាំងពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០នោះមក ទីបំផុតត្រូវបានពន្លត់អស់ទាំងស្រុង ដោយសារនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ។ សន្តិភាពពិតប្រាកដ និងការឯកភាពទឹកដីទាំងស្រុង មិនធ្លាប់មានក្នុងរយៈកាល៥០០ឆ្នាំចុង ក្រោយនៃប្រវត្តិសាស្ត្ររបស់ជាតិ បានកើតឡើងលើទឹក ដី នៃប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា «បិតាសន្តិភាព» ។
ប៉ុន្តែបន្ទាប់ពីឧបសគ្គមួយបានឆ្លងផុត ស្រាប់តែមានអំពើប៉ុនប៉ងចង់នាំកម្ពុជាដែលមានសុខសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ ឧបាយកលនេះ ត្រូវបានរៀបចំធ្វើតាមលំនាំបដិវត្តន៍ពណ៌ ជាមួយនឹងអំពើឃុបឃិត របស់ក្រុមខ្មែរក្បត់ជាតិដើម្បីបម្រើផលប្រយោជន៍បរទេស ប៉ុន្តែពួកគេបែរជាលាបពណ៌រៀមច្បង ដែលជាអ្នកធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍន៍ឡើងវិញនោះ ថាគ្មានប្រជាធិបតេយ្យ និងគ្មានការគោរពសិទ្ធិមនុស្សទៅវិញ ខណៈក្នុងពេលដែលមានអំពើរំលោភសិទ្ធិមនុស្ស ការកាប់សម្លាប់ និងអំពើជិះជាន់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្នុងសម័យអតីតកាលនោះ មិនមានក្រុមណា ប្រទេសមហាអំណាចណា ឬ ក្រុមសិទ្ធិមនុស្ស ឬ ក្រុមប្រជាធិបតេយ្យណាបានមកជួយកម្ពុជាឡើយ។ បើគ្មានរៀមច្បង និងនយោបាយឈ្នះឈ្នះ បានពន្លត់ភ្លើងសង្គ្រាម និងជួយស្តារប្រទេសឱ្យមានមុខមាត់ដូចបច្ចុប្បន្ននេះទេ ម្ល៉េះកម្ពុជាមិនមានអត្ថិភាព និងការរីកចំរើនដូចបច្ចុប្បន្នឡើយ។
មេខ្លោងក្រុមឧទ្ទាមក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានបំភ័ន្តការពិតនៃប្រវត្តិសាស្ត្រជាតិ ដោយប្រើមនោគមន៍វិជ្ជាបោកប្រាស់យុវជនមួយចំនួន ឱ្យចងកំហឹងនឹងរៀមច្បងអ្នកបង្កើតសន្តិភាព និងការអភិវឌ្ឍន៍ជាតិសាឡើងវិញ ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
មេខ្លោងក្រុមឧទ្ទាមទាំងនេះ បានបង្កើតនូវព័ត៌មានក្លែងក្លាយនានា រាប់តាំងពីរឿងអភិវឌ្ឍន៍ នៅឈូងសមុទ្ទរាម គម្រោងជីកព្រែកហ៊្វូណនតេជោ និងវេលាចុងក្រោយថ្មីៗនេះ គឺគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម និងឡាវ ដោយពួកគេបានចោទថាជាគំរោងកាត់ទឹកដី ឱ្យប្រទេសវៀតណាម ធ្វើជាថ្នូរនៃការកាន់អំណាចថែមទៀត។
សម្តេចតេជោហ៊ុនសែន បានថ្លែងនៅថ្ងៃទី២២ ខែសីហាថា ពាក្យដែលថា «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក» គឺជាទ្រឹស្តីនៅតែត្រឹមត្រូវដដែល។ ចំណែកឯទ្រឹស្តី ក្មេងមានកម្លាំង និងចាស់ស្គាល់ផ្លូវ ហាក់ដូចជាលែងស្របជាមួយសភាពការបច្ចុប្បន្នហើយ ដែលគេអាចកែទៅជា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។ សម្តេចតេជោបានថ្លែងថាការ ដូរចេញនូវការនិយាយពាក្យ «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» នោះ ពីព្រោះមនុស្សចាស់ខ្លះ ដូចមេក្រុមប្រឆាំងជ្រុលនិយម (តែង) នាំក្មេងវង្វេងផ្លូវរហូត។
ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលជាខួបគម្រប់មួយឆ្នាំ សម្តេចតេជោបានថ្លែងកត់សម្គាល់ នូវចំណុចវិជ្ជមានជាគន្លឹះចំនួនបួនរបស់រាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧។
ចំណុចទាំងបួនជាគន្លឹះនេះ រួមមាន៖
១. ការរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
សម្តេចតេជោបានបន្តថា៖ «បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ»។
សម្តេចតេជោ បានថ្លែងកោតសរសើរថា ការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ «មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូល ដើម្បីបម្រើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ»។
គណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភាដែលមានសមាសភាព ៥២រូប ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសមាសភាពភាគច្រើន គឺជាថ្នាលបញ្ញវ័ន្ត ដែលទើបបានប្រឡូក យ៉ាងពេញលេញនូវកិច្ចការដឹកនាំប្រទេសដោយផ្ទាល់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងកាលពីខែកក្កដា ទទួលស្គាល់ថាអំរែកទទួលបន្ទុកការ ដឹកនាំនយោបាយជាតិ មិនមែនជាអំរែកធម្មតា ដូចមនុស្សមួយចំនួនបានគិតនោះឡើយ៖
«ការសម្រេចចិត្តនយោបាយមិនស្រួលទេ។ ខ្ញុំយល់ហើយ ១០ ខែនេះ។ សម្ដេចតេជោ ស្ថិតក្នុងតំណែងនៃការសម្រេចចិត្តនយោបាយ ៤០ ឆ្នាំ ជាពិសេសនៅពេលយើងធ្វើអ្វីមួយ ដែលមានការយល់ច្រឡំ (ពីពលរដ្ឋ) ហើយយើងមិនអាចបញ្ជាក់បានភា្លមត្រូវការភាពអំណត់។ ប៉ុន្ដែយើងមិនអាចបោះបង់គោលដៅធំពិតប្រាកដបម្រើជាតិមាតុភូមិនោះទេ»។