(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់អនាម័យចំណី អាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងឱកាសដើរកំសាន្ដបិណ្ឌភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងអំពាវនាវដល់ម្ចាស់ អ្នកគ្រប់គ្រងភោជនីយដ្ឋាន/អាហារដ្ឋាន ចុងភៅ និងអ្នកផ្តល់សេវាម្ហូបអាហារទាំងអស់ ត្រូវអនុវត្តតាមគន្លឹះ៥យ៉ាង សម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាព ឲ្យបានល្អជាប្រចាំ ។
សម្រាប់គន្លឹះទាំងនោះរួមមាន៖
១- រក្សាភាពស្អាត (លាងដៃនឹងសាប៊ូមុនពេលរៀបចំធ្វើម្ហូប និងក្រោយពេលបន្ទោបង់,ចង្រ្កាន កន្លែងលាងចាន ចានក្បានស្អាត និងស្ងួត, ការពារផ្ទះបាយ និងអាហារពីសត្វ ដូចជាកណ្តុរ កន្លាត រុយ និងសត្វល្អិតផ្សេងៗ)
២- ទុកដាក់ចំណីអាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា
៣- ចំអិនអាហារឲ្យបានឆ្អិនល្អ
៤- ទុកដាក់អាហារនៅសីតុណ្ហភាពមានសុវត្ថិភាព (ចូរទុកអាហារឆ្អិនស្រាប់ នៅសីតុណ្ហភាពធម្មតាក្នុងបន្ទប់ មិនលើសពីពីរម៉ោង ,ដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងទូរទឹកកកឬធុងទឹកកកភ្លាមក្នុងកំរិតសីតុណ្ហភាពតិចជាងប្រាំអង្សារសេ ,ទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ច ក្នុងកំរិតសីតុណ្ហភាពលើសពី៦០អង្សារសេ ,ចូរកុំទុកអាហារយូរពេក ទោះបីដាក់ក្នុងទូរទឹកកកក៏ដោយ)
៥- ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ (ចូរប្រើប្រាស់ទឹកស្អាត ,ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល មិនឆែប មិនបែកមាត់ចាប ,លាងបន្លែផ្លែឈើ ដោយទឹកស្អាត ពិសេសប្រសិនបើត្រូវរៀបចំញ៉ាំឆៅ ,លាងចាន ស្លាបព្រា សម ចង្កឹះ កែវ ដោយទឹកស្អាត ។ ជាងនេះទៅទៀត ន្លែងលាងចានត្រូវស្ថិតនៅលើធ្នើដែលមានកម្ពស់យ៉ាងតិច៦០ស.ម (៦តឹកខ្ពស់ពីដី ឬពីផ្ទៃបាត) ៕