(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតែងថ្មី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជាន់ខ្ពស់នៃសា្ថនទូតចិនប្រចាំកម្ពុជា។
នាឱកាសនោះលោក ប៉េង ពោធិ៍នា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Wang Wenbin ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនេះលោក ប៉េង ពោធិ៍នា ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតចិន អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ -ដំណាក់កាលទី១ ពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្តោតអាទិភាពចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ សំដៅបង្កើនការតភ្ជាប់ និងភាពប្រទាក់ក្រឡា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា សង្ឃឹមជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។
ជាការឆ្លើយតប លោក Wang Wenbin បានថ្លែងអំណរគុណលោករដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។ ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរចំពោះខួប ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន។
ជាចុងក្រោយលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា និងលោកឯកអគ្គរដ្ឋទូត Wang Wenbin បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕