(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនិងសុខមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាល រាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច៧០ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌនៅក្នុងរាជធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលរាជធានី សហការជាមួយកងពលតូច លេខ៧០ និងអាជ្ញាធរដែនដី បានចុះបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋបាន១២សង្កាត់ ក្នុងខណ្ឌដូនពេញ, ខណ្ឌឫស្សីកែវ, ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រួមមាន៖
សង្កាត់ក្រាំងធ្នង់, សង្កាត់ឈ្មួញ, សង្កាត់កាកាបទី២, សង្កាត់ច្រាំងចំរេទី១, សង្កាត់ផ្សារដេប៉ូទី២, សង្កាត់ផ្សារដើមគរ, សង្កាត់ទំនប់ទឹក, សង្កាត់ផ្សារថ្មីទី២,សង្កាត់បឹងរាំង,សង្កាត់ផ្សារកណ្តាលទី១,សង្កាត់ច្បារអំពៅទី១ ,សង្កាត់ច្បារអំពៅទី២។
ចំពោះលទ្ធផល នៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋាន នៅថ្ងៃទី២១ ខែសីហា វិញ បានចំនួន១២សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក, ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។
រួមមាន៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ច្រាំងចំរេទី២, សង្កាត់ស្វាយប៉ាក, សង្កាត់ផ្សារដេប៉ូទី១, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ផ្សារដើមថ្កូវ, សង្កាត់មនោរម្យ, សង្កាត់វាលវង់, សង្កាត់ចតុមុខ, សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ។
ដោយឡែក នៅថ្ងៃទី២២ ខែសីហានេះដែរ ការបាញ់ថ្នាំកម្ចាត់មូស តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ បាន៧ខណ្ឌ ចំនួន១២សង្កាត់ ក្នុងនោះរួមមាន៖
*ខណ្ឌចំការមន ក្នុងសង្កាត់ទន្លេបាសាក់
*ខណ្ឌ៧មករា ក្នុងសង្កាត់ អូឬស្សីទី១ និងសង្កាត់ អូឬស្សីទី២
*ខណ្ឌច្បារអំពៅ បាន២សង្កាត់ គឺសង្កាត់ព្រែកប្រា និងសង្កាត់ វាលស្បូវ
*ខណ្ឌព្រែកព្នៅ បាន២ សង្កាត់ គឺសង្កាត់គោករកា និងសង្កាត់ព្រែកព្នៅ
*ខណ្ឌដង្កោ បាន២សង្កាត់ គឺសង្កាត់ដង្កោ និងសង្កាត់ពងទឹក
*ខណ្ឌកំបូល បាន២ សង្កាត់គឺសង្កាត់ ភ្លើងឆេះរទេះ និងសង្កាត់កំបូល
*ខណ្ឌជ្រោយចង្វារ បាន១ សង្កាត់ គឺសង្កាត់ព្រែកតាសេក៕