(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ។
លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នាឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខុនដូ KY iCenter និងបើកការដ្ឋានសាងសង់អគារ Picasso II នៅសណ្ឋាគារសុខាភ្នំពេញ។
លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងជាទម្រង់ឌីជីថលផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ»។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ទាក់ទងនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា លោកនឹងធ្វើបទបង្ហាញជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះលើគម្រោងទាំងនេះ ហើយនៅពេលបន្ទាប់ទៀត វិនិយោគិនមិនបាច់យកឯកសារទៅដាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៀតនោះទេ ដោយអាចស្នើសុំដាក់ពាក្យវិនិយោគតាមប្រព័ន្ធអនឡាញបាន ដែលជាដំណាក់កាលទី១។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់ដំណាក់កាលទី២ បន្តទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំការតភ្ជាប់ពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ទៅតាមក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដែលជាក់ស្តែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាគ្នាជាមួយក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, គយ និងរដ្ឋាករ ដើម្បិធ្វើការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា ទៅកាន់ប្រព័ន្ធនៃក្រសួងទាំងនោះ។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នេះគឺជាប្រព័ន្ធមួយដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានសំនូមពរឱ្យវិនិយោគិន ត្រៀមក្នុងការប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដោយក្នុងនោះមុននឹងឈានដល់ដំណាក់កាលនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសាកល្បងប្រើប្រាស់រួចហើយ ជាក់ស្តែងប្រព័ន្ធមួយនេះដំណើរការបានយ៉ាងល្អ ងាយស្រួល និងបានដាក់គម្រោងចូលមួយចំនួនរួចហើយផងដែរ៕