(ភ្នំពេញ)៖ អគារខុនដូ KY iCenter កម្ពស់៣៩ជាន់ ក្រោមទុនវិនិយោគ ៥២លានដុល្លារអាមេរិក ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខណៈអាគារថ្មីមួយទៀត កម្ពស់៥២ជាន់ ដែលគ្រោងនឹងបោះទុនវិនិយោគប្រមាណ៨៤ លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការផងដែរ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារខុនដូ KY iCenter និងបើកការដ្ឋានសាងសង់អគារ Picasso II ក្រោមការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា «ខ្ញុំសូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Titan Stone Real Estate Group និងក្រុមហ៊ុន Picasso City Garden Development ដែលបានរួមគ្នាបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចជាសកលក្តី ក៏ក្រុមហ៊ុននៅតែអាចពុះពារ និងសម្រេចបាននូវគម្រោងវិនិយោគរបស់ខ្លួន ជាពិសេសលើវិស័យអចលនទ្រព្យ ការអភិវឌ្ឍអគារខុនដូ ដែលមានកម្ពស់ខ្ពស់ រចនាបថល្អប្រណិត នៅលើទីតាំងដ៏មានសក្តានុពល និងថែមទាំងធ្វើឱ្យរាជធានីភ្នំពេញកាន់តែ មានសោភ័ណភាព ភាពទាក់ទាញ និងទំនើបកម្មក្នុងការស្នាក់នៅបន្ថែមទៀត»។
ឧបនាយករដ្ឋមន្រ្តីបន្ដបន្ថែមថា ជាក់ស្ដែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Titan Stone Real Estate Group និងក្រុមហ៊ុន Picasso City Garden Development បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារខុនដូ KY iCenter កម្ពស់៣៩ជាន់ ដែលបានបោះទុនវិនិយោគប្រមាណ៥២លានដុល្លារអាមេរិក និងបើកការដ្ឋានសាងសង់អគារ Picasso II កម្ពស់៥២ជាន់ ដែលគ្រោងនឹងបោះទុនវិនិយោគប្រមាណ៨៤លានដុល្លារអាមេរិក។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីបានសូមថ្លែងអំណរគុណ ដល់សមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ចាប់តាំងពីការបង្កើតដំបូងនៅឆ្នាំ២០១៨។ ជាការកត់សម្គាល់ សមាជិកសមាគមសុទ្ធសឹង តែជាវិនិយោគិនដែលមានសក្តានុពល លើវិស័យសំខាន់ៗរួមមាន៖ វិស័យអចលនទ្រព្យ វាយនភណ្ឌ ទេសចរណ៍ និងអប់រំ ជាដើម។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ក្នុងនោះសង្ឃឹមថា សមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេស ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតងជាដើម៕