(រតនគិរី)៖ ព្រះធម្មវនវាសី ចន្ទ មុនី នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២២ ខែសីហា ឆ្នាំ២០២៤ បាននិមន្តមកដល់ក្រុងបានលុង ខេត្តរតនគិរី ដោយជួបប្រជាពុទ្ធបរិស័ទជាច្រើនពាន់នាក់ ដែលរង់ចាំស្វាគមន៍ព្រះអង្គ។
អញ្ជើញទទួលស្វាគមន៍ពីសំណាក់លោក ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី និងលោកស្រី រួមនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ក្នុងនោះគេសង្កេតឃើញ ប្រជាពុទ្ធបរិស័ទដែលមានជំនឿជាច្រើនពាន់នាក់ នៅតាមដងផ្លូវប្រជុំជនរង្វង់មូលនាគកណ្តាលក្រុងបានលុង និងរមណីដ្ឋានបឹងកន្សែង នាំគ្នាយកសម្ភារដូចជា៖ ទឹកសុទ្ធ ទៀន ធូប និងគ្រឿងបរិក្ខាផ្សេងៗមកអង្គុយចាំទទួលព្រះអង្គ ចន្ទ មុនី។ ប្រជាពុទ្ធបរិស័ទ ដែលរង់ចាំទទួលការនិមន្តទស្សនកិច្ចក៏បានលើកឡើង និងបង្ហាញពីការសប្បាយរីរាយផងដែរ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា បន្ទាប់ពីជួបប្រជាពុទ្ធបរិស័ទ កងកម្លាំងប្រដាប់នៅព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ (ទស្សនាបង្គោលព្រំដែនលេខ២៩/៤,២៩/៣ និងលេខ៣០) លុះល្ងាចថ្ងៃដដែលព្រះអង្គបាននិមន្តដល់ក្រុងបានលុង ទីរួមខេត្តរតនគិរី។
លោក ញ៉ែម សំអឿន បញ្ជាក់ឲ្យដឹងទៀតថា ដំណើរនិមន្តរបស់ព្រះអង្គដល់វត្តឦសាន្តរតនារាមជាទីកន្លែងព្រះអង្គគង់នៅ១យប់។ លុះដល់ព្រឹកឡើងថ្ងៃសុក្រទី២៣ ខែសីហា ឆ្នាំ២០២៤ ពេលចង្ហាន់ព្រឹករួច ព្រះអង្គនឹងនិមន្តទៅព្រំប្រទល់ខេត្តស្ទឹងត្រែង៕