(ឧត្តរមានជ័យ)៖ រថយន្តទំនើប២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្ត ចុះឃាត់ទុកដោយយោងពុំមានឯកសារគ្រប់គ្រាន់។
មន្ត្រីអាវុធហត្ថខេត្តឧត្តរមានជ័យថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ដឹកនាំដោយលោកវរសេនីយ៍ត្រី ខៀវ ផន មេបញ្ជាការ បានសហការជាមួយសាខាគយ និងរដ្ឋាករខេត្ត ចុះឃាត់រថយន្តទំនើប២គ្រឿង នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីបានប្រាប់ទៀតថា រថយន្តទំនើបទាំង២គ្រឿងដែលឃាត់ទុករួមមាន៖
*ទី១៖ រថយន្ដម៉ាកGS 300 ពណ៌ទឹកមាស ស្លាក់លេខ ខ.ម 2-9319 ឆ្នាំ2006
*ទី២៖ រថយន្ដម៉ាក Lexus RX330 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AW 8791 រថយន្តខាងលើនេះបាននាំចូលមកប្រើប្រាស់ ដោយគេចវេសសមត្ថកិច្ច និងមិនមានឯកសារគ្រប់គ្រាន់។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងនេះ ត្រូវបាននាំយកទៅរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕