(ស្វាយរៀង)៖ យុវជន២នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូលន់ដូចរន្ទះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា

ម៉ោង១០៖៤៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៧/១៣៨ ក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ ហង្ស បញ្ញា អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ព្រាប បូរ៉ា អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកអ្នករងរបួសមានឈ្មោះ ធឿន សុភាព អាយុ១៧ឆ្នាំ មុខរបរធ្វើការក្នុងម៉ាត បច្ចុប្បន្ននៅ ភូមិទួលពិល ឃុំស្វាយរំពារ ស្រុកស្វាយទាបបើកម៉ូតូម៉ាក ហុងដា ពណ៍ខ្មៅសេរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង ១I-២៣៦៨ ។

អ្នកបើករថយន្តមានឈ្មោះ ឈួន វាសនា អាយុ៣០ឆ្នាំ មុខរបរបើកបរបច្ចុប្បន្ននៅ ភូមិមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ង់ម៉ាក HOWO ពណ៌ស ពាក់ស្លាកលេខស្វាយរៀង ៥A-២២៨២ ដោយធ្វើដំណើរ ពីរកើតទៅលិច លើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង 1I-2368 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិច ទៅកើត ដោយប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្តាំក៏បុករថយន្តក្រឡុកស៊ីម៉ង់យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកស្វាយទាប ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ចំពោះមធ្យោបាយធ្វើដំណើរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់នាពេលក្រោយផងដែរ៕