(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានផ្ញើសារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ឆ្លៀតនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណ និងសូមគោរពសរសើរស្ញប់ស្ញែង គោរជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលមួយឆ្នាំ នៃការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងដាក់ចេញនូវគោលនយោបាយប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។
យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព ឧត្តមគតិស្នេហាជាតិ ឆន្ទៈដ៏មោះមុតក្នុងការបម្រើប្រជាជន និងចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នឹងបន្តដឹកនាំនាវាកម្ពុជា បន្តឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ និងការធានានូវអធិបតេយ្យជាតិ ដែលជាកត្តាជំរុញវិស័យឯកជនឲ្យរីកចម្រើនឥតឈប់ឈរ ព្រមទាំងផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុកដែលធ្វើឲ្យជាតិមាតុភូមិ មានភាពសម្បូរសប្បាយ រីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពជាតិល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ សូមបានប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕