(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ ឡុង សាម៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថ អនុវត្តតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ ឈ្មោះ ផុន វណ្ណា សាលាដំបូងខេត្តស្ទឹងត្រែង លេខ ៨៦២ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ក្នុងដីកាបានបញ្ជាក់អំពី ប្រភេទបទល្មើសដែលចោទប្រកាន់ និងអត្តបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស៖ បទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅបរិវេណដីអនុតំបន់ X របស់ក្រុមហ៊ុនសលសុភាពាណិជ្ជ ចំណុចស្រែតាចាន់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិបញ្ញត្តផ្តន្ទាទោសតាមមាត្រា៩៧ កថាខណ្ឌទី១ ចំណុចទី៦ នៃច្បាប់ស្តីពីព្រៃឈើ។

លោកបានបន្តថា តាមការស្នើសុំរបស់ចៅក្រមស៊ើបសួរ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង បាននាំជនត្រូវចោទខាងលើ ពីសាលាដំបូងដំបូងខេត្តស្ទឹងត្រែង ទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ប៉ុន្តែពេលកំពុងនាំខ្លួននោះ មានក្រុមគ្រួសាររបស់ជនត្រូវចោទមករារំាងនិងថតរូប កម្លាំងកងរាជអាវុធហត្ថ បានពន្យល់អំពីនីតិវិធីដល់ពួកគាត់ ហើយពួកគាត់ក៏បានបញ្ឈប់ការរារាំងនេះ៕