(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បានអញ្ជើញបើកវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ការពង្រឹងសេវាកម្មទេសចរណ៍និងអេកូទេសចរណ៍ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
វេទិកានេះចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងប្រជាសហគមន៍មកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងក្រសួងទេសចរណ៍ គឺបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប។
នាឱកាសនោះ លោក សុខ សូកេន បានលើកឡើងថា ការអភិវឌ្ឍអេកូទេសចរណ៍និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងសក្ដិសិទ្ធភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានអាចចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចចិត្តនិងទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ប្រកបដោយសមធម៌ ជាពិសេសការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងការកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុករបស់ប្រជាពលរដ្ឋ។
ដើម្បីបន្តជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ក៏ដូចជាក្នុងក្របខណ្ឌសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ទូទាំងប្រទេស លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចែករំលែកនូវចំណុចគន្លឹះ និងអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១. លោកគាំទ្រឱ្យមានការរៀបចំវេទិកានេះជារៀងរាល់ឆ្នាំ ដែលអាចរៀបចំទៅតាមពេលវេលាជាក់ស្ដែង និងគាំទ្រឱ្យមានការរៀបចំវេទិកាស្រដៀងនេះ សម្រាប់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិទាំង៥ផ្សេងទៀត ដែលរួមមាន៖ ១-តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តម «ភ្នំគូលេន» ២-តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ ៣-តំបន់អេកូទេសចរណ៍ឆ្នេរ ៤-តំបន់អេកូទេសចរណ៍ព្រៃឡង់
និង៥-តំបន់អេកូទេសចរណ៍ភូមិភាគឦសាន។
ទី២. លោកស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ បន្តជួយផ្ដល់កិច្ចសហការ ការគាំទ្រនិងចូលរួមជំរុញការអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន ដោយឈរលើស្មារតីរួមមួយជាក់លាក់ គឺជួយអភិវឌ្ឍសហគមន៍ទៅតាមជំនាញរៀងៗខ្លួន ពិសេសបង្កលក្ខណៈងាយស្រួយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ ទៅក្នុងសហគមន៍ដែលមានសក្ដានុពល និងបន្តជួយសហគមន៍ដែលមានស្រាប់ បើទោះបីជាសហគមន៍ទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នណាក៏ដោយ។
ទី៣. លោកសូមឱ្យវិស័យឯកជនពង្រឹងការគាំទ្រជួយដល់សហគមន៍ ពិសេសការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន។ ទន្ទឹមនឹងនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លោកស្នើឱ្យមានកិច្ចសហការស្អិតរមួតរវាង CTB ផ្នែកឯកជន និងដៃគូពាក់ព័ន្ធក្នុងក្របខ័ណ្ឌបណ្តាញ (TEN) នេះ ដើម្បីជំរុញការអភិវឌ្ឍ និងការផ្សព្វផ្សាយសក្ដានុពលទៅសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍តំបន់បឹងទន្លេសាបនេះឱ្យកាន់តែទូលំទូលាយ។
ទី៤. លោកស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានា សូមបន្តផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការលើបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការអនុវត្តផែនការសកម្មភាពក្នុងការអភិវឌ្ឍនិងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប។ លោកក៏បានអំពាវនាវឱ្យបណ្ដាដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានា ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានា
ដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។
ទី៥. លោកសូមឱ្យប្រជាសហគមន៍ទាំងអស់លើកឡើងនូវបញ្ហាប្រឈមសំខាន់ៗរបស់ខ្លួនក្នុងន័យស្ថាបនា ដោយមិនទំលាក់ការទទួលខុសត្រូវតែលើភាគីណាម្នាក់ ដើម្បីដាក់ជូនអង្គវេទិកាពិភាក្សា និងឈានទៅរកដំណោះស្រាយជាក់ស្ដែងជាកញ្ចប់ ក្នុងអង្គវេទិកាដោយផ្ទាល់ ឬត្រូវរាយការណ៍សុំការសម្រេចពីរាជរដ្ឋាភិបាលបន្ទាប់ពីបញ្ចប់វេទិកាលើកទី១នេះ។
ទី៦. លោកសូមឱ្យអង្គវេទិកាបន្តផ្តោតការចាប់អារម្មណ៍ និងពិភាក្សាអំពីការបញ្ចួលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative & Innovative) ក្នុងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ ស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីផ្ដល់បទពិសោធន៍ថ្មីជូនភ្ញៀវទេសចរ ពិសេសការវិនិយោគក្នុងតំបន់អេកូទេសចរណ៍និងសហគមន៍ទេសចរណ៍។
ទី៧. លោកស្នើឱ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងបដិសណ្ឋារកិច្ច ស្តង់ដារ និងគុណភាពសេវាកម្មឱ្យបានប្រសើរឡើង ដោយត្រូវផ្តោតសំខាន់លើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ ជាពិសេសប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងនិងការដឹកនាំឱ្យមានប្រសិទ្ធភាព និងបរិយាបន្ន។
ទី៨. លោកស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិចូលរួមផ្ដល់កិច្ចសហការ និងការគាំទ្រលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ផងដែរ៕