(អាមេរិក)៖ បន្ទាប់ពីលោក Brad Pitt ត្រូវបានគេចោទប្រកាន់ថា មានស្នេហាលួចលាក់ជាមួយនឹង តារាសម្ដែងស្រីជាតិបារំាងនាង Marion Cotillard និង បានប្រើហិង្សាលើកូន នៅពេលនេះដល់វេននាង Angelina Jolie វិញម្ដង ដែលត្រូវបានគេចោទបកវិញថា មហិច្ឆិតារបស់នាងដែល ចង់ក្លាយជាប្រមុខ ដឹកនំាអង្គការសហប្រជាជាតិហ្នឹងហើយ ទើបជាមូលហេតុពិតប្រាកដ ដែលធ្វើឱ្យអ្នកទំាងពីរចែកផ្លូវគ្នា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ TMZ នៅថ្ងៃ ចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
គេហទំព័រ TMZ បានឱ្យដឹងថា បើតាមប្រភពស្និតនឹងប្ដីប្រពន្ធទំាងពីរនាក់នេះ លោក Brad Pitt បានសម្តែងក្តីខឹងយ៉ាងខ្លាំង ចំពោះមហិច្ឆិតានយោបាយរបស់នាង Angelina Jolie ដោយលោកធ្លាប់ប្រាប់ ប្រពន្ធលោកថា ក្ដីស្រម៉ៃដែលចង់ក្លាយទៅជាមន្ត្រីកំពូលអង្គការសហប្រជាជាតិ មិនអាចទៅរួចឡើយ ហើយមិនតែប៉ុណ្ណោះ លោក Brad Pitt ក៏បានអន់ចិត្តផងដែរ រឿងប្រពន្ធរបស់ខ្លួនយកកូនៗទៅជាមួយ ពេលធ្វើដំណើរទៅកាន់ប្រទេស លីបង់ និង អ៊ីរ៉ាក់ ជាពិសេសនោះគឺ ភាពតានតឹងបានកើតឡើង កាន់តែខ្លាំងនៅពេលអ្នកទំាងពីរ នំាកូនទៅប្រទេសស៊ីរី ក្នុងគោលបំណងធ្វើបេសកម្មមនុស្សធម៌។
គួរបញ្ជាក់ថា បើតាមប្រភពខាងលើដដែល លោក Brad Pitt តែងតែបានគំាទ្រយ៉ាងពេញទំហឹង ចំពោះការងារមនុស្សធម៌ របស់នាង Angelina Jolie ក៏ប៉ុន្តែការនំាកូនទៅជាមួយគ្រប់ទីកន្លែង បានក្លាយជាបញ្ហារវាងអ្នកទំាងពីរ អស់រយៈពេលជាច្រើនឆ្នាំមកនេះ៕