(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាកំពុងចាប់អារម្មណ៍លើទំនិញ ដែលផលិតនៅប្រទេសចិនជាពិសេសផលិតផលអេឡិចត្រូនិក និងរថយន្តបច្ចេកវិទ្យាចុងក្រោយ។

ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កាលពីមុនទីផ្សាររថយន្តនៅកម្ពុជាត្រូវបានច្បាមយក ដោយម៉ាករថយន្ត ដែលមិនមែនផលិតនៅប្រទេសចិន ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តចិនបានក្លាយជាកត្តាប្រកួតប្រជែងមួយ ដែលជាទំនិញជាការចាប់អារម្មណ៍ របស់ទីផ្សារកម្ពុជា។

ឯកឧត្តមបន្តថា នៅកម្ពុជាបច្ចុប្បន្ននេះ យើងសង្កេតឃើញមានរថយន្តចិនជាច្រើនម៉ាក មានទាំងរថយន្តប្រើអគ្គិសនី និងមិនប្រើអគ្គិសនី បានដាក់លក់នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រច្រើន និងលក់ដាច់បំផុត។ សំឡេង៖« ការចាប់អារម្មណ៍របស់អតិថិជនទៅលើទំនិញរបស់ចិន ជាពិសេសទំនិញអេឡិចត្រូនិក ទំនិញរថយន្តគឺជាការផ្លាស់ប្ដូរ ផ្នត់គំនិតថ្មីមួយ ចំពោះការកើនឡើងនៃបច្ចេកវិទ្យារបស់ប្រទេសចិន។

ពីមុនឡើយយើងមិនសូវចាប់អារម្មណ៍លើបច្ចេកវិទ្យារបស់ចិនទេ។ ដូច្នេះការប្រើប្រាស់រថយន្ត ការប្រើប្រាស់ជាទូរសព្ទក្តី យើងប្រើប្រាស់របស់ប្រទេសដទៃ ប៉ុន្តែបច្ចុប្បន្ននេះ គ្រឿងប្រើប្រាស់អេឡិចត្រូនិកទាំងអស់នេះ ទាំងរថយន្ត ទាំងទូរសព្ទទាំង របស់របស់របរប្រើប្រាស់ក្នុងផ្ទះ រួមទាំងម៉ាស៊ីនត្រជាក់ ទូរទឹកកក ។ល។ គឺយើងងាកមកប្រើម៉ាកសញ្ញារបស់ចិន។

ដូច្នេះហើយបង្ហាញថា ប្រជាជនកម្ពុជា មានភាពជឿជាក់លើម៉ាកសញ្ញារបស់ប្រទេសចិន ។ អ៊ីចឹងហើយបានជាការលក់រថយន្ត របស់ចិនមានការកើនឡើងនៅលើទីផ្សារកម្ពុជា។ ទាំងនេះជាសញ្ញាវិជ្ជមានមួយទាំងផ្នែកបច្ចេកទេស ក៏ដូចជាក្នុងក្នុង កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម។»

គួររម្លឹកថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត៩ពាន់លានដុល្លារ ខណៈដែលចំនួននេះជាកំណើនមួយយ៉ាងធំមួយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ដោយតែប្រទេសចិនបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ រួមជាមួយនឹងទំនាក់ទំនងល្អ រវាងប្រទេសយើងទាំងពីរ។

តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិនធ្វើឱ្យកម្ពុជា ទទួលបានការបើកទូលាយទីផ្សារ តាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជាចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀង RCEP ដោយកិច្ចព្រមព្រៀងទាំងពីរនេះបានជំរុញឱ្យការនាំចេញ និងទំនិញរបស់កម្ពុជាកាន់តែច្រើនទៅលក់ នៅលើទីផ្សារប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន