(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, រួមជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអនុប្រធាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ព្រមទាំងវិស័យឯកជន។
នាឱកាសនោះដែរ លោក ហែម វណ្ណឌី បានលើកឡើងថា កិច្ចប្រជុំនេះមានគោលដៅជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវបានកែសម្រួល និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ សមាសភាពគណៈប្រឹក្សាយោបល់របស់ក្រុមប្រឹក្សាជាតិ ក៏កំពុងត្រូវបានកែសម្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សា។
កិច្ចប្រជុំបានពិនិត្យសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិ រួមមានវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងបានពិនិត្យបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមផ្សេងៗក្នុងកម្រិតអាស៊ានលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20), កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85), របាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣, និងការសិក្សាប្រព័ន្ធព័ត៌មានស្រាវជ្រាវ និងអភិវឌ្ឍជាតិ។ បន្ថែមពីនេះ លោក ជា វ៉ាន់ដេត បានសង្កត់ធ្ងន់លើក្របខណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិ និងបានផ្តល់បទអន្តរាគមន៍ស្តីពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថល។
ទន្ទឹមនឹងនោះ លោក ឌិត ទីណា បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្នាលឌីជីថលនានាលើសង្គតិភាព អន្តរប្រតិបត្តិការ និងសុវត្ថិភាព សម្រាប់បច្ចេកវិទ្យារដ្ឋាភិបាលឌីជីថល។ កិច្ចប្រជុំបានទទួលបច្ចុប្បន្នភាពតាមវិស័យ ដោយក្នុងនោះក្រសួងសុខាភិបាលបានរាយការណ៍អំពីផែនការអភិវឌ្ឍថ្នាលសុខាភិបាលឌីជីថល ក្នុងគោលដៅបង្កើនប្រសិទ្ធភាព គុណភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាព ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានរាយការណ៍ជូនអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ កិច្ចប្រជុំបានអនុម័តគំនិតផ្តួចផ្តើមដែលបានស្នើឡើងដោយក្រសួងបរិស្ថាន។ ដោយឡែកផែនទីបង្ហាញផ្លូវស្តីពីបច្ចេកវិទ្យាអ៊ីដ្រូសែនបៃតង ដែលមានបច្ច័យអន្តរវិស័យ ត្រូវបានស្នើឱ្យមានកិច្ចសហការស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រុមប្រឹក្សាជាតិក៏បានអនុម័តឯកសារចំនួនបី រួមមានក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបៀបវារៈស្រាវជ្រាវជាតិ ២០២៥, គោលការណ៍ណែនាំស្តីពី «សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា» (CEII) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ឱ្យរីកលូតលាស់ និងរឹងមាំ, និងបទបញ្ជាផ្ទៃក្នុងដែលមានគោលដៅពង្រឹងប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិនេះកាន់តែរលូន។
កិច្ចប្រជុំបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ របស់កម្ពុជា ដោយស្នើឱ្យមានការពិនិត្យពាក់កណ្តាល អាណត្តិនៅឆ្នាំ២០២៥ ដើម្បីធានាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់។ នៅក្នុងទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់អាទិភាពសំខាន់ៗ រួមមាន៖ ការពង្រឹងអភិបាលកិច្ចវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍, ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), និងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍។
ជាថ្មីម្ដងទៀត លោក ហែម វណ្ណឌី បានបន្ថែមថា ធាតុចូលដែលប្រមូលបានពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤នេះ នឹងជួយតម្រង់ទិសដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។ លោកក៏បានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាជាតិនេះ ផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពតាមវិស័យ ដើម្បីកែលម្អចំណាត់ថ្នាក់កម្ពុជា នៅក្នុងសន្ទស្សន៍នវានុវត្តន៍សកល និងដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា។ លោកបានស្នើឱ្យសិវ័យឯកជន ជួយចលនាឱ្យមានការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែខ្លាំងក្លា និងបុរេសកម្មថែមទៀត៕