(ភ្នំពេញ)៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា មានរៀបចំបាឋកថាឈ្វេងយល់ពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន មូលដ្ឋានគ្រឹះនៃការយល់ដឹងសកល។

ថ្លែងទៅកាន់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសិក្ខាកាមរៀនភាសាចិន និងជាសិក្ខាកាមគ្រោងទៅសិក្សាវគ្គខ្លី នៅប្រទេសចិន សរុបចំនួន៣០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថាក្នុងការសម្រេច ជោគវាសនារបស់ប្រជាជននិងប្រទេសចិន បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូលបាននិងកំពុងបង្កើនល្បឿនៃកំណែទម្រង់ និង ការបើកទូលាយ ដោយយកការបើកទូលាយជំរុញកំណែទម្រង់ ជំរុញការអភិវឌ្ឍឱ្យបន្តទទួលបាន នូវសមិទ្ធផលថ្មីបន្ថែមទៀត។

លោកបណ្ឌិតក៏បានរំលេចពីសមាជបក្សកុម្មុយនិស្តចិន ចាប់ពីអាណត្តិទី១៨មក បានអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រ យកវិទ្យាសាស្ត្រនិងការអប់រំ បង្កើនគុណភាពនិងពង្រីក បរិមាណធនធានមនុស្សជំរុញ នវានុវត្តន៍ដើម្បីបន្តមហាដំណើរ នៅក្នុងការពង្រឹងកិច្ចគាំទ្រចំពោះការកសាងទំនើបកម្ម។

បន្ថែមពីលើនេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីកំណែទម្រង់ និង ការបើកទូលាយរបស់ចិន ដោយពីយុគសម័យថ្មី បានរួមចំណែកផ្តល់ដំណោះស្រាយសកល ដល់ពិភពលោក ក្នុងការរួមគ្នាកសាង អរិយធម៌អេកូឡូស៊ី រួមគ្នាកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលមានគំនិតផ្ដួចផ្ដើម ទាំង៤ជាសសរស្តម្ភរួមមាន៖ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» និង «គំនិតផ្តួចផ្តើមអរិយធម៌សកល»។

លោកបណ្ឌិតក៏បានសង្ខេបពីការសំយោគទស្សនវិជ្ជាខុងជឺ និង ទស្សនវិជ្ជាកាល់ម៉ាក្ស ដែលបាននាំមកនូវវិបុលភាពរុងរឿង ដល់សង្គមចិនថែមទៀតផង។ ក្នុងនាមសិក្ខាកាម ដែលគ្រោងនឹងទៅសិក្សាវគ្គខ្លី នៅប្រទេសចិន តាមរយៈអាហារូបករណ៍ MOFCOM របស់ស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី ឃុន សុវណ្ណនេត្រា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានចែករំលែកនូវបទពិសោធន៍នានាជាច្រើន ពីប្រទេសចិន ហើយអង្គបាឋកថានារសៀលនេះ បានផ្តល់ឱ្យមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន យល់ដឹងកាន់តែស៊ីជម្រៅពីអរិយធម៌អេកូឡូស៊ី ពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាខ្លឹមសារសំខាន់ចេញពី លទ្ធផលនៃកិច្ចប្រជុំលើកទី៣អាណត្តិទី២០ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

លោកស្រីក៏បានបញ្ជាក់បន្ថែមថា ជារៀងរាល់សប្តាហ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ តែងបានចំណាយពេល៣ម៉ោង ក្នុងការចែករំលែកពីទស្សនវិជ្ជាខុងជឺ និងប្រាជ្ញាចិនដែលផ្តោតលើ ចក្ខុវិស័យរបស់លោក Xi Jinping ព្រមទាំងការគិតពិចារណា ដោយប្រើប្រាស់វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា ទៀតផង។ ជាមួយគ្នាផងដែរ មន្ត្រីរាជការដែលបានចូលរួមក្នុងពិធីនេះ ក៏បានស្តាប់យ៉ាងយកចិត្តទុកដាក់ពី បទឧទ្ទេសនាមរបស់លោកបណ្ឌិត ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានសង្ខេបដកស្រង់ ចេញពីសៀវភៅជាខេមរភាសា ស្តីពីយល់ដឹងកាន់តែស៊ីជម្រៅ ពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាឯកសារគោលដ៏សំខាន់មួយដែលបានបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន