(កណ្តាល)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យប្រធានកិត្តិយសសមាគមអតីតយុទ្ធជនថ្មីខេត្តកណ្តាល ពិនិត្យលក្ខណៈសម្បត្តិឲ្យបានត្រឹមត្រូវ ចំពោះអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីនិងផ្ទះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រេចផ្តល់អំណោយផ្ទះចំនួន២៥ខ្នងដល់អតីតយុទ្ធជនក្នុងខេត្តកណ្តាល។
ការជំរុញរបស់ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
ទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង។
នាឱកាសនោះ ទេសរដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់អំណោយជាការសាងសង់ផ្ទះចំនួន២៥ខ្នងបន្ថែមជូនអតីតយុទ្ធជនខេត្តកណ្តាល ខណៈក្នុងការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់សប្បុរជនចូលរួមក្នុងការសាងសង់ផ្ទះដល់អតីតយុទ្ធជនផ្សេងទៀតដែលកំពុងមានតម្រូវការ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី រម្លឹកថា គិតមកដល់ថ្ងៃនេះមានរយៈពេល១ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោតផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។
លើសពីនេះ ទេសរដ្ឋមន្រ្តី បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ។
ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលបាន ខិតខំដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារ ពលី មរណៈ ផ្តល់ប័ណ្ណប.ស.ស សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមាន ពិការភាព ប័ណ្ណក្រីក្រដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីសង្គម ជាពិសេសបានរៀបចំភូមិអភិវឌ្ឍន៏ អតីតយុទ្ធជន ដោយសាងសង់ផ្ទះជូនអតីតយុទ្ធជន គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០២៤ សរុបមានចំនួនជាង ៥ពាន់ខ្នង និងសាលារៀន ទីចាត់ការ អគារស្នាក់នៅគ្រូ មណ្ឌលសុខ ភាព ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅតាមតំបន់ដីសម្បទានសង្គមកិច្ច និងបានផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលមកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីគ្រប់គ្រងអភិវឌ្ឍន៍៕