(ភ្នំពេញ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ នៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទើបតែត្រូវបានតែងតាំងសមាសភាពថ្មី ស្របតាមការងារក្នុងអណត្តិថ្មី និងពិភាក្សាលើចំណុចខ្លាំង-បញ្ហាប្រឈម យ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកាអង្គប្រជុំ ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងបានលើកជាសំណូមពរ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់ទៀត សំដៅធ្វើឱ្យការងារគ្រប់គ្រងការងារត្រួត យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងដើម្បីចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើដងវិថីផងដែរ៕