(ម៉ានីល)៖ ក្រសួងសុខាភិបាលប្រទេសហ្វីលីពីន បានរាយការណ៍នៅថ្ងៃចន្ទនេះថា ករណីថ្មីចំនួនបី នៃការឆ្លងការវីរុស Zika បានកើតមានឡើងបន្ថែមទៀតនៅក្នុងប្រទេស ដែលធ្វើឲ្យចំនួនសរុបនៃ ការឆ្លងវីរុសនេះក្នុងតំបន់ កើនដល់១២ករណីនៅហ្វីលីពីន។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
លោក Paulyn Ubial រដ្ឋលេខាធិការក្រសួងខាងលើ បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មួយករណីក្នុងចំណោមនោះ ត្រូវបានគេរាយការណ៍ ថាបានរកឃើញនៅក្រុង Iloilo ស្ថិតនៅភាគកណ្តាល ប្រទេសហ្វីលីពីន ខណៈករណីសរុបទាំង១២ គឺជាការឆ្លងនៅក្នុងប្រទេស ហើយគ្មានករណីណាឆ្លងតាម មធ្យោបាយអ្វីផ្សេងក្រៅពី «សត្វមូស» ខាំនោះឡើយ។
ទន្ទឹមគ្នានេះដែរលោក Ubial ក៏បានស្នើឲ្យមន្រ្តីក្រសួងសុខាភិបាលទាំងអស់ ជាពិសេសនៅតាមតំបន់ ដែលមានករណីឆ្លងវីរុស Zika ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត និងបង្កើតយុទ្ធនាការកម្ចាត់ «សត្វមូស» ដែលមានប្រសិទ្ធភាពជាងមុន៕