(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។
ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។
ដោយឡែក ម្ចាស់អាវុធខ្លីដែលបានផ្ដល់ឲ្យស្ដ្រីខាងលើប្រើប្រាស់បាញ់បោះនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីពេលកន្លងទៅ ហើយក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ និងករណីគ្រឿងញៀន៕