(កណ្តាល)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ អមដំណើរដោយលោក គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូ ចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅស្ថានីយជញ្ជីងអចល័តវាលរេញ ខេត្តកំពត និងស្ថានីយជញ្ជីងអចល័តក្រសាំង ខេត្តកណ្តាល។
ការចុះកែសម្រួលសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងយន្តការអនុវត្តការងារ របស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗបន្ថែមទៀត។
មន្ត្រីដែលទើបទទួលបានការប្រគល់ភារកិច្ចមកបំពេញការងារនៅស្ថានីយជញ្ជីង ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
នាឱកាសនោះលោក សេង ឈួនបានផ្តាំផ្ញើដល់មន្រ្តីដែលបានកែសម្រួលសមាសភាពថ្មី ក៏ដូចជាមន្រ្តីចាស់ទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូន លើសទម្ងន់ ដែលនាំឱ្យខូចខាតផ្លូវថ្នល់មុនអាយុកាលកំណត់ ពិសេសត្រូវបញ្ឈប់រាល់សកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ៕