(ពោធិ៍សាត់)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើដល់មន្ត្រីក្រោមឱវាទ ព្រមទាំងអាជ្ញាធរដែនដី ដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងឥរិយាបទក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយវិជ្ជាជីវៈ ឱ្យកាន់តែរលូន និងមានភាពល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី បានស្នើបែបនេះ នៅអគារសិរីមង្គល ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី និងសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ជាលើកទី១ ដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូក្រសួង, អភិបាលស្រុក/ក្រុង, កងកម្លាំងប្រដាប់អាវុធទាំង៣, មន្ទីរអង្គភាពពាក់ព័ន្ធ, អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន ប្រមាណ៤០០នាក់។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រដ្ឋបាលខេត្តតែងតែជំរុញ និងគាំទ្រការអនុវត្តផែនការ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដាច់ដោយដុំ រួមទាំងការចុះបញ្ជីដីរដ្ឋ ទៅតាមគោលការណ៍ និងនីតិវិធីច្បាប់។
ជាលទ្ធផលចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចុះបញ្ជីលើកដំបូង និងបំពេញបន្ថែម ស្រុក/ក្រុងទាំង៧ ចំនួន១៣,៧៧៦ក្បាលដី, ចុះបញ្ជីបន្ត ចំនួន២៨,៥២៨ក្បាលដី, ចុះបញ្ជីដីសម្បទានសេដ្ឋកិច្ច ចំនួន៣៤៩ក្បាលដី។ ការងារសំណង់ ដែលមានការអនុញ្ញាត ចំនួន៨១២គម្រោង, ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបានបិទផ្សាយជាសាធារណៈ បានចំនួន៣១៣,១០៣ក្បាលដី, បញ្ចូលទិន្នន័យ ចំនួន៣៥៥,៣០៨ក្បាលដី, គូរក្បាលដី ចំនួន៣៤១,៦៧៣ក្បាលដី, ចេញប័ណ្ណ ចំនួន២៩៩,៦៦២ប័ណ្ណ និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋ ចំនួន២០២,៥៣១ប័ណ្ណ។
លោក ខូយ រីដា បានបន្ថែមថា ចំពោះការចុះបញ្ជីដីធ្លី ក្នុងតំបន់២ នៃតំបន់បឹងទន្លេសាប ដែលមានការពាក់ព័ន្ធ ស្រុកទាំង៣ គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ បានប្រមូលទិន្នន័យ ចំនួន៧,០៣៣ក្បាលដី មាន៤៦ភូមិ និងបន្តចុះអនុវត្តយ៉ាងសកម្មបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយមន្ត្រីក្រោមឱវាទក្រសួង ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែកជាលើកទី១ បង្ហាញខ្លួនបន្ទាប់ពីចូលកាន់មុខតំណែងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមួយឆ្នាំពេញ នៃអាណត្តិថ្មីនេះ។ លោកកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែង រួមគ្នាធ្វើកិច្ចការងារ ដោះស្រាយ និងយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ លើវិស័យការងារដីធ្លី លឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ ដល់ទឹកចិត្តប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មិនមែនអង្គភាពសុរិយោដី ធ្វើតែឯងនោះទេ គឺចូលរួមទាំងអស់គ្នា ដើម្បីឱ្យស្របទៅតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវតែយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យបានល្អត្រឹមត្រូវ ឆាប់រហ័ស និងមានទំនុកចិត្ត ពីប្រជាពលរដ្ឋ។
លោកបានផ្តល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ សាមគ្គីឯកភាព និងយកចិត្តទុកដាក់បំពេញការងារនៅក្នុងបន្ទុកខ្លួន ដូចជាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងភាពជឿជាក់ បានគ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដែលក្រសួងបាននឹងកំពុងអនុវត្តរួមមាន៖
ទី១៖ ការទ្រទ្រងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្ត លើការដឹកនាំរួម
ទី២៖ ការចុះបញ្ជីដីធ្លី ជាបរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត កាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម
ទី៣៖ កសាងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ពង្រឹងសមត្ថភាព និងលើកទឹកចិត្តមន្ត្រី
ទី៤៖ រៀបចំដែនដីនគរូបនីយកម្មកម្ពុជា ឱក្លាយជាទឹកដីសុវណ្ណភូមិទាំងទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមសាន្ត និងទ្រនំសុភមង្គល។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ ឧបករណ៍ និងសម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងការិយាល័យគ្រប់គ្រងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រខ្នាតតូច ខ្នាតមធ្យម ម៉ាស៊ីស្កេនន័រ ម៉ាស៊ីនថតចម្លង ឧបករណ៍វាស់វែង ម៉ាស៊ីស្កេនQR Code និងឧបករណ៍ផ្ទុកទិន្នន័យមួយចំនួនទៀត៕